ប៉ោយប៉ែតៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ផលិតផលមានដើមកំណើតពីសត្វ(គ្រឿងក្នុងចម្រុះសត្វជ្រូកចំនួន១.០៩៤គីឡូក្រាម)ដឹកតាមរថយន្តក្រុងត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការជាមួយមន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបង្ក្រាបដកហូតយកទៅធ្វើការដុតបំផ្លាញចោលនៅថ្ងៃទី០១ខែធ្នូឆ្នាំ២០១៩។
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យលោកវរសេនីយ៍ទោរស់អៀមនាយរងការិយាល័យបានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោអាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យក្នុងការទប់ស្កាត់នូវរាល់បទល្មើសចំណីដែលនាំចូលខុសច្បាប់ពីប្រទេសជិតខាងខ្វះការត្រួតពិនិត្យពីមន្ត្រីជំនាញដែលបង្កឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋអ្នកទទួលទាននោះ។ជាលទ្ធផលនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៩ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អលោកបានដឹកនាំកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចចំនួន៤នាក់ចុះធ្វើការត្រួតពិនិត្យឆែកឆេររថយន្តក្រុងដឹកអ្នកដំណើរ១គ្រឿងរបស់ក្រុមហ៊ុនឫទិ្ធមុនីម៉ាកមីតស៊ុយប៊ីហ្ស៊ីពណ៌ខៀវផលិតឆ្នាំ១៩៩៨ពាក់ស្លាកលេខបាត់ដំបង3A.0224បានលួចបង្កប់ផលិតផលដើមកំណើតពីសត្វ(គ្រឿងក្នុងជ្រូកចម្រុះ)និងធ្វើការឃាត់នៅចំណុចចំណតរថយន្តក្រុងសិរីសោភ័ណស្ថិតក្នុងភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
បន្ទាប់មកនាំយកកាន់ស្នងការដ្ឋាននគរបាលខេត្តហើយនៅល្ងាចថ្ងៃដដែលនោះដែលក្នុងការត្រួតពិនិត្យមានមន្ត្រីជំនាញបសុព្យាបាលខេត្តមកចូលរួមសហការក្នុងត្រួតពិនិត្យឃើញមានគ្រឿងជ្រូកចម្រុះចំនួន១៦កេស។
លោកវរសេនីយ៍ទោរស់អៀមបានបញ្ជាក់ថាគ្រឿងក្នុងជ្រូកទាំង១៦កេសនោះមានឆ្អឹងជំនីរជ្រូកទម្ងន់២០២គ.ក្រ,អណ្តាតជ្រូក៧០ទម្ងន់គ.ក្រ,ត្រចៀកជ្រូកទម្ងន់២២២គ.ក្រ,បេះដូវជ្រូកទម្ងន់៨៧គ.ក្រ,ខួរជ្រូកទម្ងន់៦៧គ.ក្រ,ពោះវៀនជ្រូកទម្ងន់២៧៧គ.ក្រ,ក្រលៀនជ្រូកទម្ងន់៨៧គ.ក្រ,ក្រពះជ្រូកទម្ងន់៨៥គ.ក្រសរុបទាំងអស់១,០៩៤គ.ក្រ។
លោកនាយរងការិយាល័យបានបញ្ជាក់ទៀតថាតាមចម្លើយរបស់អ្នកបើករថយន្តឈ្មោះសៅនរ៉ាភេទប្រុសអាយុ៤៥ឆ្នាំនៅភូមិគ្រួសសង្កាត់សំរោងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញបានសារភាពថា៖ខ្លួនទើបស៊ីឈ្នួលដឹកគ្រឿងក្នុងជ្រូកនេះបានចំនួន២លើកយកនៅចំណុចទល់មុខវត្តម៉ុងចិនក្នុងសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ចំពោះម្ចាស់គ្រឿងក្នុងជ្រូកនោះគេមិនស្គាល់អត្តសញ្ញាណទេទាក់ទងគ្នាតាមទូរស័ព្ទដោយដឹកទៅដល់ភ្នំពេញមានអ្នកចាំទទួលយកនៅផ្សារធំថ្មី។ចំពោះការដឹកនេះគឺខ្លួនដឹកជញ្ជូនយកកម្រៃក្រៅផ្ទាល់ខ្លួនក្នុង១កេសតម្លៃ២ម៉ឺនរៀលពុំពាក់ព័ន្ធនិងក្រុមហ៊ុនឫទ្ធិមុនីឡើយ។
តាមចម្លើយសារភាពរបស់ឈ្មោះសូត្រសុគន្ធរស់ភេទប្រុសអាយុ៣៥ឆ្នាំនៅភូមិមិត្តភាពសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតទំនិញក្នុងរថយន្តគ្រឿងក្នុងចម្រុះជ្រូកចំនួន១៦កេសគឺជារបស់ខ្លួនដែលបានទិញមកពីជនជាតិថៃនៅផ្សារឡុងក្លឿការលក់ទំនិញនេះមានរយៈពេល២ខែកន្លងមកហើយគឺពុំមានការត្រួតពិនិត្យពីមន្ត្រីជំនាញឬឯកសារបញ្ជាក់នោះឡើយដោយដឹកតាមរថយន្តទៅឲ្យអ្នកទិញនៅភ្នំពេញចាំទទួលយកផ្សារធំថ្មី។
មន្ត្រីបសុព្យាបាលខេត្តបានបញ្ជាក់ថា៖ផលិតផលមានដើមកំណើតសត្វ(គ្រឿងក្នុងជ្រូកនេះ)ការវេចខ្ចប់ពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសហើយការនាំចូលពុំមានឯកសារលិខិតអនុញ្ញាតពីស្ថាប័នជំនាញត្រួតពិនិត្យឲ្យបានច្បាស់លាស់គឺលួចនាំចូលដោយខុសច្បាប់វាអាចមានផលប៉ះពាល់ដល់អ្នកទទួលទាន។ដូច្នេះក្រុមការងារបានសម្រេចនាំយកគ្រឿងក្នុងជ្រូកទាំងនេះទៅដុតនិងកប់ចោល។ចំណែកអ្នកបើកបរនិងម្ចាស់ទំនិញសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់