ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខវិទ្យុជាតិកម្ពុជា តាមបណ្ដោយផ្លូវ ១៩ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានករណីបុរសម្នាក់ ស្រវឹងធ្លាក់ភ្នែក បានបើករថយន្ត១គ្រឿងយ៉ាងលឿន ឡើងខឿនទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បណ្តាលឲ្យវៀចទ្រេត។
ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត១គ្រឿង ម៉ាកតូយូតាតាកូម៉ា ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ចាម 2A-7430 ដោយបើកបរក្នុងស្ថានភាពស្រវឹង ពីជើងទៅត្បូងតាមបណ្ដោយផ្លូវ១៩ ក្នុងល្បឿនយ៉ាងលឿន។ មកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើ បានរេចង្កូតទៅឆ្វេងដៃ ជ្រុលឡើងលើខឿន ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមចំពេញទំហឹង បណ្តាលឲ្យរងការខូចខាតវៀចទ្រេត ចំណែករថយន្តបង្ក ខូចខាតក្រពឹតផ្នែកខាងមុខចំហៀងខាងស្តាំយ៉ាងដំណំ ទៅមុខលែងរួច។
ភ្លាមៗនោះអ្នកបើករថយន្តបង្ក បានចុះពីលើរថយន្ត រួចគេចខ្លួនចេញពីកន្លែង កើតហេតុបាត់។ បន្ទាប់មកក៏មានស្ត្រីម្នាក់ បានកាន់សោរថយន្តបង្ក ដើរមកព្យាយាមអះអាងថា ខ្លួនជាអ្នកបើករថយន្តបង្ក ហើយប្រាប់គេថា គាត់បានបើករថយន្តថយក្រោយ តែរថយន្តជាប់ហ្គ័រ ក៏ជ្រុលទៅបុកបង្គោល ភ្លើងបំភ្លឺផ្លូវតែម្ដងទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ក៏ទាក់ទងជំនាញ ឲ្យចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕
មតិយោបល់