ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូស្គុបពីមីនីមួយគ្រឿង ទៅបុកស្ត្រីម្នាក់កំពុងអូសទេះអេតចាយបណ្តាលឱ្យស្ត្រីនោះដួលទៅលើថ្នល់រងរបួសបាក់ដៃខាងស្តាំ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០១៤ នៅទល់មុខផ្សារឃ្លាំងរំសេវ តាមបណ្តោយផ្លូវមៅសេទុង ស្ថិតនៅក្នុងសង្កាត់ដើមគរ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូស្គុបពីមីនី ពណ៌ស អត់មានស្លាកលេខ បានធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅបុករទេះដឹកអេតចាយដែលអូសដោយស្ត្រីម្នាក់ឆ្លងផ្លូវពីកើតទៅលិច បណ្តាលឱ្យស្ត្រី អូសរទេះដឹកអេតចាយរងរបួសបាក់ដៃខាងស្តាំ ស្រាប់តែពេលកើតហេតុ គេឃើញ បុរសម្នាក់ជាមន្ត្រីនគរបាលជិះម៉ូតូម៉ាក PULZA មួយគ្រឿងពាក់ស្លាកលេខនគរបាល ១-៥៦២៥ មកជួយអន្តរាគមន៏ឱ្យបុរសជិះម៉ូតូបង្កជិះចេញពីកន្លែងកើតហេតុបាត់ ដោយខ្លួនគេបានធានាថាទុកឲ្យគេជាអ្នកដោះស្រាយរឿងនេះ។ ភ្លាមៗស្ត្រីរងគ្រោះត្រូវបានដឹករាមរម៉កម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទ្យព្យាបាលផងដែរ។
ប្រហែលជា១០នាទីសមត្ថកិច្ចក៏ចុះមកដល់កន្លែងកើតហេតុក៏បានឃាត់បុរសដែលយកខ្លួនមក ធានានោះរួមទាំងម៉ូតូរបស់គេនិងរទេះដឹកអេតចាយទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរដើម្បីដោះស្រាយគ្នាតាមផ្លូវ ច្បាប់ ព្រោះថាអ្នកបើកម៉ូតូបង្កហេតុបានទៅបាត់ហើយ៕
មតិយោបល់