ព័ត៌មានជាតិ

ភ្នំពេញក្រោន គ្រងជើងឯកលីគកំពូលកម្ពុជា លើកទី៧ ក្រោយខកខាន ៥រដូវកាល

CAMSOC-ភ្នំពេញ៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានគ្រងតំណែងជើងឯកលីគកំពូលកម្ពុជា ជាលើកទី៧ ក្រោយខកខានអស់ ៥រដូវកាល បន្ទាប់ពីយកឈ្នះក្រុមជើងឯកឆ្នាំចាស់បឹងកេត ដោយលទ្ធផល ១-០ ក្នុងជំនួបបញ្ចប់រដូវកាល នៅកីឡដ្ឋាន Smart RSN របស់ខ្លួន នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។

ជំនួបដ៏ទាក់ទាញនេះ ក្រុមនាគខៀវបឹងកេត បានប្រើប្រាស់កីឡាករវ័យក្មេងច្រើន ស្របពេលភ្នំពេញក្រោន បានដាក់សម្ពាធខ្លាំង នៅវគ្គទី១ តែមិនអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ ពោលគឺរង់ចាំដល់នាទី៧៣ ទើបកីឡាករ Yudai Ogawa បានស៊ុតបាល់ក្រឡកពីដៃអ្នកចាំទីបឹងកេត យ៉ាងល្អ ដែលជាគ្រាប់បាល់ជ័យជម្នះរបស់ក្រុមសិង្ហក្រហមតែម្ដង ។

ដូច្នេះជ័យជម្នះនេះ នាំឲ្យភ្នំពេញក្រោន ក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២១ និងជាលើកទី៧ ក្នុងប្រវត្តិសាស្ដ្ររបស់ក្លិប ក្រោយឆ្លងកាត់ការប្រកួត ១៩លើកឈ្នះ ១៣ ស្មើ ៥ និងចាញ់ ១ មាន ៤៤ពិន្ទុ ស្របពេលក្រុមព្រះខ័នរាជស្វាយរៀង បានត្រឹមសោកស្ដាយ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ៥-២ ទទួលបានត្រឹមជើងឯករង មាន ៤២ពិន្ទុ ជាមួយលទ្ធផល ១៩ប្រកួតឈ្នះ ១៣ ស្មើ៣ និងចាញ់ ៣ ។

ដោយឡែកក្រុមវិសាខា បានធ្លាក់មកឈរចំណាត់ថ្នាក់លេខ៣ និងមាន ៤០ពិន្ទុ បន្ទាប់ពីបន្ដប្រកួតស្មើក្រុមកងយោធពលខេមរភូមិន្ទ ០-០ នៅកីឡដ្ឋានស្ដាតចាស់ ។ រីឯក្រុមណាហ្គាវើលដ៏ បានឡើងឈរចំណាត់ថ្នាក់៤ ជំនួសក្រុមបឹងកេតវិញ បន្ទាប់ពីយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ដោយលទ្ធផល ៥-២ ក្នុងនោះណាហ្គាវើលដ៏ មាន ៣៧ពិន្ទុ ខណៈបឹងកេត មាន ៣៥ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៥ ៕

មតិយោបល់