ភ្នំពេញៈ នៅក្នុងវេទិកាសន្និសីទកាសែតបើកកកាយរឿងអាក្រក់របស់លោកប៉ែន ចំរ៉ុង និងក្រុមគ្រួសារ អ្នកនាងភិន សុដាលីស បានអះអាងថា លោកប៉ែន ចំរ៉ុង មិនសមជាឪពុកណាមួយដែលគួរនឹងហ៊ានប្រឈមមុខចំពោះកូននាងនៅថ្ងៃក្រោយនោះទេ។ នោះគឺដោយសារតែលោកបានប្រាប់តុលាការថា កូននោះមិនច្បាស់ជាកូនរបស់លោក ហើយលោកក៏បានចុះចោលកូននាងតាំងពីគេចាប់កំណើតបាន២-៣ខែដំបូង ដែលនាងយល់ថាមិនគួរនឹងមានអនុស្សាវរីយ៍ជាឪពុកនិងកូន។
ភិន សុដាលីស និយាយថា នាងនៅតែចងចាំចម្លើយរបស់លោកប៉ែន ចំរ៉ុង មិនទាន់ភ្លេចនៅឡើយទេ ក្នុងពេលដែលលោកបញ្ជាក់ប្រាប់តុលាការថាលោកមិនច្បាស់រឿងកូនដែលមានអាយុប្រមាណ៧ខែនិងមួយអាទិត្យនៅក្នុងពោះរបស់នាង ជាកូនរបស់ខ្លួន។ នាងថានៅត្រង់ចំណុចនេះហើយ ដែលនាងប្រកែកដាច់ខាតក្នុងពេលដែលខាងតុលាការចង់កាត់ឲ្យលោកប៉ែន ចំរ៉ុង មានសិទ្ធិមកមើលថែកូនម្ដងម្កាល និងមានសិទ្ធិយកកូនរបស់នាងនៅពេលធំឡើងទៅលេងផ្ទះ ឬទៅដើរលេងឲ្យមានអនុស្សាវរីយ៍ជាឪពុកនិងកូន។ នាងនិយាយថា លោកប៉ែន ចំរ៉ុង ក្រៅពីជាឪពុកដែលគ្មានការទទួលខុសត្រូវ លោកក៏ជាបុគ្គលមួយរូបដែលកូនស្រីរបស់នាងមិនអាចគោរពក្នុងពេលធំឡើងផងដែរ ដោយសារតែពាក្យសម្ដីដែលលោកប្រមាថចំពោះរូបនាង និងចំពោះកូននាងគឺមិនអាចទទួលយកបាន។
នាងនិយាយថា «មុនចេញសាលក្រម តុលាការគាត់សួរខ្ញុំថាតើខ្ញុំទទួលយកលក្ខណ្ឌឲ្យកូនជួបមុខឪពុកម្ដងម្កាលបានអត់ ខ្ញុំថាឲ្យគាត់ជួបមិចបើគាត់ប្រកាសថាកូននឹងមិនច្បាស់ជាកូនគាត់ផងនឹង ចឹងទោះគាត់ជួបគ្នាក៏មានតែការឈឺចាប់នឹង!»។ នាងថាពាក្យសម្ដីរបស់លោកប៉ែន ចំរ៉ុង គឺជាចោទប្រកាន់ធ្ងន់ធ្ងរដែលនាងមិនអាចបំភ្លេច ក្នុងពេលដែលនាងរស់នៅជាមួយលោករហូត ហើយក៏មិនដែលមានចិត្តវៀចវេរក្នុងនាមជាភរិយាដែលមានអេតាស៊ីវិល។ នាងបានទាំងប្រកែកមិនទទួលយកលក្ខណ្ឌទទួលអាហារកិច្ចរបស់លោកប៉ែន ចំរ៉ុង ចំពោះកូនស្រីខ្លួនផង ដោយនាងបញ្ជាក់ថា បើជ្រុលជាចប់ទៅហើយ សុំឲ្យចប់កម្មពៀរតែម្ដងកុំឲ្យពាក់ព័ន្ធ។
យ៉ាងណាក៏ដោយនាងថាមិនមានគម្រោងបំបិតមិនឲ្យកូនដឹងថាលោកប៉ែន ចំរ៉ុង គឺជាឪពុកនោះទេ គឺនាងនឹងបណ្ដោយឲ្យដឹងទៅតាមពេលវេលា ដោយគ្រាន់តែក្នុងពេលនោះ គឺនាងក៏នឹងប្រាប់ឲ្យកូនបានដឹងថាលោកប៉ែន ចំរ៉ុង បានធ្វើអ្វីខ្លះចំពោះម្ដាយរបស់កូន និងបាននិយាយអ្វីខ្លះពាក់ព័ន្ធនឹងកូន ចាប់តាំងពីពេលកូននោះចាប់កំណើតប៉ុណ្ណោះ។
ភិន សុដាលីស បានអះអាងថានាងនឹងសម្រាលកូនស្រីនៅពាក់កណ្ដាលខែតុលា ហើយកូនស្រីរបស់នាងក៏មានឈ្មោះណាមួយ នឹងជាប់ពាក់ព័ន្ធនឹងលោកប៉ែន ចំរ៉ុង ផងដែរ ដោយនាងសុខចិត្តតស៊ូចិញ្ចឹមកូនស្រីម្នាក់នេះដោយដៃរបស់ខ្លួន មិនត្រូវការឲ្យក្រុមគ្រួសារលោកប៉ែន ចំរ៉ុង ឬលោកប៉ែន ចំរ៉ុង ខ្លួនឯងដឹងឮទាំងអស់។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ លោកប៉ែន ចំរ៉ុង នៅតែបន្តរក្សាភាពស្ងប់ស្ងាត់ ដោយការទំនាក់ទំនងសុំការសម្ភាសន៍ក៏នៅមិនទាន់ស្វាគមន៍។
ជាមួយនឹងការអះអាងខាងលើ ភិន សុដាលីស ក៏បានបង្ហោះសារមួយវែងអន្លាយ បញ្ជាក់ថាពីភាពមិនទទួលខុសត្រូវរបស់លោកប៉ែន ចំរ៉ុង ជាសាធារណៈផងដែរ ដើម្បីបញ្ជាក់ថាលោកពិតជាឪពុកមួយរូប ដែលមិនគួរមានមុខជួបមុខកូនស្រីរបស់ខ្លួនឯងនោះឡើយ នៅពេលដែលក្មេងស្រីនោះនាងធំដឹងក្ដី៕
មតិយោបល់