ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ាដូណា៖ ម្ដាយប្រតិកម្មរឿងស្រឡាញ់ប្រុស

ភ្នំពេញៈ ចាត់ទុកជារឿងភ្ញាក់ផ្អើល បន្ទាប់ពីលោក ម៉ាដូណា ដែលត្រូវគេដឹងយូរមកហើយថា ជាតារាភេទទី៣ ល្បីឈ្មោះ បានចេញមុខប្រកាសថា ខ្លួនត្រូវម្ដាយកំណត់ឲ្យយកប្រពន្ធ និងថា រឿងរ៉ាវដែលសាយភាយថា លោកចាញ់បោកមនុស្សប្រុស និងគ្រោងលក់ហាងយកលុយទិញឡានឲ្យបុរសម្នាក់ ដែលគេប៉ាន់ស្មានថា ជាគូស្នេហ៍របស់លោកធ្វើឲ្យម្ដាយរបស់លោកប្រតិកម្ម។ លោកថា ម្ដាយរបស់លោកបានបង្ហាញជំហរមិនដែលសប្បាយចិត្តម្ដងណាឡើយ គ្រប់ពេលដែលលោកមានព័ត៌មានណាមួយពាក់ព័ន្ធនឹងប្រុស បើទោះជាបានទទួលស្គាល់ថា លោក គឺជាកូនម្នាក់ ដែលមានអត្តចរឹកជាភេទទី៣។

លោក ម៉ាដូណា បានអះអាងថា ក្រោយការសាយភាពថា លោកមានប្រុសតាមបោក និងថា លោកឈ្លក់វង្វេងជាមួយតារាប្រុសៗ រហូតសម្រេចចិត្តសេងហាង បានធ្វើឲ្យម្ដាយ និងក្រុមគ្រួសាររបស់លោកប្រតិកម្មយ៉ាងខ្លាំង ដោយចាត់ទុកថា នោះជាព័ត៌មានដែលនឹងធ្វើឲ្យម្ដាយរបស់លោកទៅស្ដីដណ្ដឹងមនុស្សស្រីម្នាក់ ឲ្យលោកធ្វើប្រពន្ធទៅថ្ងៃក្រោយមិនបាន។ មកទល់ពេលនេះ ម្ដាយរបស់លោកមិនដែលទទួលស្គាល់ថា ជាភេទទី៣ និងគ្មានអារម្មណ៍ចង់រួមរស់ជាមួយមនុស្សស្រីនោះទេ គឺនៅតែបានដាក់កំហិតឲ្យលោកយកប្រពន្ធដាច់ខាតនៅថ្ងៃណាមួយ។

លោកអះអាងថា មនុស្សភាគច្រើន ពិតជាសើចចំអ៊កនៅពេលបានឮពាក្យនេះ ប៉ុន្តែសម្រាប់រូបលោក គឺពិតជាត្រូវប្រឈមដោយការកំណត់នេះ។ លោកនិយាយថា «ខ្ញុំដឹងថា ខ្ញុំជាអ្នកណា ប៉ុន្តែម្ដាយខ្ញុំគាត់អត់យល់ចឹងទេ គាត់ថា បើអ្ហែងមានព័ត៌មានស្រឡាញ់ប្រុស ឬចាញ់បោកប្រុសអីចឹង តើថ្ងៃក្រោយឲ្យអញមានមុខមាត់ណាទៅដណ្ដឹងប្រពន្ធឲ្យ និយាយរួមសម្រាប់គ្រួសាររបស់ខ្ញុំឲ្យតែមានរឿងអីពាក់ព័ន្ធជាមួយប្រុស ហើយផ្សព្វផ្សាយអីចឹង គឺអត់បានម្មង!»

យ៉ាងណាក៏ដោយ លោក ម៉ាដូណា ថា បើលោកបង្កាត់សម្ព័ន្ធស្នេហ៍ដោយលាក់កំបាំងជាមួយមនុស្សដែលខ្លួនស្រឡាញ់ គឺមិនដែលកើតមានបញ្ហានោះទេ ប៉ុន្តែបើផ្សាយជាព័ត៌មាន ឬបង្ហោះនៅលើហ្វេសប៊ុកឲ្យគេដឹងឮ គឺអត់បានដាច់ខាត។ លោកថា ម្ដាយរបស់លោកអត់បានរើសអើងចំពោះភេទទី៣ទេ ប៉ុន្តែបើឲ្យលោកអត់យកប្រពន្ធ ហើយយកប្រុសអស់មួយជីវិតដោយបើកចំហរ គឺមិនព្រមទទួលយក។ លោកទទួលស្គាល់ថា ខ្លួនគឺជាបុគ្គលដូចម្ដេច ប៉ុន្តែសម្រាប់អនាគត លោកក៏មិនប្រាកដថា ខ្លួននឹងអាចបន្តជីវិតម្ញិកម្ញ៉ក់របស់ខ្លួន ដោយមិនយកភរិយាតាមការដាក់កំហិតរបស់ម្ដាយរហូតដែរ។

ជាមួយនឹងការប្រកាសនេះ មានតារាភាគច្រើនបានយល់ឃើញថា នោះជាការដាក់កំហិតដូចគ្នាទឹកដក់នៅលើស្លឹកឈូក។ ជាពិសេស បន្ទាប់ពីគេដឹងថា លោក ម៉ាដូណា មិនធ្លាប់មានព័ត៌មានពាក់ព័ន្ធនារីណាម្នាក់ទាល់តែសោះ ក្រៅពីឃើញស្និទ្ធស្នាលជាមួយតារាប្រុសក្មេងៗ។ ក្នុងថ្ងៃខួបកំណើត លោកក៏ត្រូវគេឃើញកៀកកិតជាមួយតារាចម្រៀងម្នាក់ មិនខុសពីគូស្នេហ៍ផងដែរ ទើបមនុស្សជាច្រើនយល់ថា ការលើកឡើងរបស់លោកនាពេលនេះ គឺជារឿងមិនអាចកើត។

លោក ម៉ាដូណា បញ្ជាក់ថា ស្ថានការណ៍តានតឹងរវាងម្ដាយ និងលោកនៅមិនទាន់កើតឡើងនោះទេ បើទោះជាម្ដាយរបស់លោកនៅតែទទូចចង់ឲ្យលោករៀបការភរិយា៕

មតិយោបល់