ភ្នំពេញៈ រថយន្តទ្រុងដឹកឥវ៉ាន់ ១គ្រឿងបើកបរក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុករះរថយន្ត ៤គ្រឿងទៀតជាបន្តបន្ទាប់ បណ្ដាលឲ្យរងការខូចខាតរួមជាមួយម៉ូតូកង់បី១គ្រឿងក្រឡាប់បះជើង ប៉ុន្តែពុំបង្កឲ្យមានមនុស្សណាម្នាក់រងរបួស ឬស្លាប់បាត់បង់ជីវិតនៅឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមផ្លូវវ៉េងស្រេង ត្រង់ចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6267 រងការខូចខាតក្រពឹតមុខ ហើយបើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន។
ចំណែករថយន្តដែលរងការខូចខាតដោយសាររថយន្តនេះបើកបុកនោះរួមមាន៖
១/រថយន្តម៉ាក ព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-8672 បានរងការខូចខាតទាំងមុខទាំងក្រោយ។
២/រថយន្តម៉ាក ឡិចស៊ី NX-200T ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-6776 រងការខូចខាតផ្នែកខាងក្រោយ។ ៣/រថយន្តម៉ាក តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-0819 រងការខូចខាតខ្ទេចមុខនិងចំហៀងខ្លួនខាងស្ដាំ។ ៤/រថយន្តសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ កំពង់ចាម 2A-8297 ។
៥/ម៉ូតូកងបី ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1AB-9538 ក្រឡាប់និងរងការខូចខាតយ៉ាងដំណំ។
ដំណើររឿង៖ មុនពេលកើតហេតុរថយន្តទ្រុងដឹកឥវ៉ាន់បង្កហេតុខាងលើ បើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានបុករថយន្តព្រុសពីក្រោយពេញទំហឹង រុញផ្ទប់បង្គោលស្លាកប៉ាណូ១ដើម បណ្ដាលឲ្យខ្ទេចទាំងមុខទាំងក្រោយ។ បន្ទាប់មករថយន្តទ្រុងបានបើករត់ហើយក៏ជ្រុលទៅកៀររថយន្តឡិចស៊ីស NX200T រងការខូចខាតកាងក្រោយ រួចហើយជ្រុលបន្តទៅបុករថយន្តតាកូម៉ា បណ្ដាលឲ្យខ្ទេចមុខនិងចំហៀងខ្លួន ខណៈនោះរថយន្តបង្កមិនព្រមឈប់ទៀត និងបានបន្តទៅបុកម៉ូតូកង់បី១គ្រឿង បណ្ដាលឲ្យក្រឡាប់រួចជ្រុលទៅបុកពីក្រោយរថយន្តសាំយ៉ុងមួយតង់ទៀត ទើបឈប់ស្ងៀម។
ក្រោយមកអ្នកបើកបរ ត្រូវបាននគរបាលចាប់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ១ ចំណែករថយន្តទាំង ៥គ្រឿង និងម៉ូតូកង់បី ត្រូវនគរបាលនាំយកទៅរក្សាទុករង់ចាំការដោះស្រាយតាមនីតិវិធី៕
មតិយោបល់