ភ្នំពេញៈ បុរសម្នាក់ ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ ក្នុងល្បឿនលឿន ជ្រុលបុកនារីសិស្សសាលាម្នាក់ ជិះម៉ូតូវីវ៉ា បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ កាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅមុខសាលាសង្កាត់ចោមចៅទី៣ តាមបណ្តោយផ្លូវជាតិលេខ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីសិស្សសាលាម្នាក់ ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1BC 7296 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកភ្នំពេញ 2CJ 9983 ធ្វើដំណើរពីកើតទៅលិច ទាំងបញ្ច្រាសទិសដៅចរាចរណ៍ ក្នុងល្បឿនលឿនក៏ជ្រុលបុកគ្នា ចំពីមុខពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូវីវ៉ា រងរបួសបាក់ឆ្អឹងជង្គង់ ខាងឆ្វេងចេញមកក្រៅ ចំណែកភាគីម្ខាងទៀត រងរបួសបញ្ជូនទៅសង្រ្គោះដូចគ្នា ។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ដោយឡែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុករង់ចាំដោះស្រាយតាមនីតិវិធី៕








មតិយោបល់