កណ្តាលៈ ជនសង្ស័យម្នាក់ត្រូវម្ចាស់ចំការតាមឃាត់រហូតដល់កន្លែងលក់ស្វាយ កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុច ភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ ជ្រូ គឹមស្រ៊ី ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
ចំណែកជនសង្ស័យមានឈ្មោះយី បារាំង ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។(ឃាត់ខ្លួន)
វត្ថុតាងចាប់យករួមមានផ្លែស្វាយចំនួន ០៣បាវ មានទម្ងន់សរុប ១៣៤គីឡូក្រាម។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅថ្ងៃកើតហេតុខាងលើជនរងគ្រោះបានជិះម៉ូតូ ឌុបកូនល្ហុងយកទៅដាំនៅនិងដី ចុងព្រែក វត្តតាលន់ លុះជិះម៉ូតូទៅដល់ចំណុចដីស្វាយរបស់ខ្លួនស្រាប់តែប្រទះឃើញជនសង្ស័យឈ្មោះយី បារាំង ជិះម៉ូតូ ឌុបស្វាយចេញពីចំការស្វាយរបស់ខ្លួន ចំនួន ០៣បាវ ពេលនោះ ឈ្មោះជ្រូ គឹមស្រុី បានហៅជនសង្ស័យអោយឈប់ តែត្រូវបានជនសង្ស័យជិះម៉ូតូរត់ហើយពេលនោះ ជនរងគ្រោះក៏ជិះម៉ូតូមកតាមក្រោយមកដល់ផ្ទះរបស់ខ្លួនក៏ឈប់ម៉ូតូទុកកូនល្ហុងនៅនិងផ្ទះរបស់ខ្លួនក៏ជិះម៉ូតូទៅតាមទាន់នៅកន្លែងលក់ស្វាយ ពេលនោះ ជនរងគ្រោះបានឃាត់អ្នកទិញស្វាយកុំអោយទិញអី ព្រោះស្វាយនេះឈ្មោះយី បារាំង ជនសង្ស័យបានលួចបេះស្វាយរបស់ខ្ញុំយកមកលក់។ ភ្លាមនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលន់ បាន
ទទួលបណ្តឹងពីជនរងគ្រោះ តាមទូរសព្ទ័ក៏បានចុះទៅដល់កន្លែងលក់ផ្លែស្វាយ តែត្រូវបានជនសង្ស័យគេចខ្លួនបាត់ទៅហើយ។
លុះនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ក៏បានកោះហៅឈ្មោះយី បារាំងមកធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនបានបេះស្វាយចំនួន ០៣បាវ មែនតែមិនមែនបេះស្វាយរបស់ឈ្មោះជ្រូ គឹមស្រ៊ីទេ គឺដើរបេះស្វាយសន្សំស្វាយនៅលើដីឈ្មោះ តាសំ បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលន់ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់