កណ្ដាលៈ កាលពីវេលាម៉ោង ៣ និង ១៥នាទីយប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ យោងតាមផេក អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យដឹងថា មានករណីជនជាតិចិនមួយក្រុមបើករថយន្តកៀម៉ូតូកង់បី ហើយធ្វើសកម្មភាពឆក់កាបូប ត្រង់ចំណុចផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ DAViD ភេទប្រុស ជនជាតិឥណ្ឌូនេស៊ី មុខរបរ បុគ្គលិកកាស៊ីណូហ្ក្រេនដ្រាហ្គនរីសត កាន់លិខិតឆ្លងដែនលេខ C.296772 ស្នាក់នៅផ្ទះជួល ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកោះធំ ខេត្តកណ្តាល។
សម្ភារៈបាត់បង់៖
-ប្រាក់ដុល្លារ ៥០០០ដុល្លារ
-ទូរស័ព្ទដៃចំនួន៣គ្រឿង។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្ដិ បានបបួលគ្នាជិះកង់បីទៅច្រៀងខារ៉ាអូខេ នៅភូមិព្រែកស៊ឹង ឃុំសំពៅពូន យីហោ១៦៨ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត១គ្រឿងម៉ាក ស្តារិក បើកពីក្រោយរួចកៀម៉ូតូកង់បីដែលជនរងគ្រោះជិះឲ្យឈប់ ដោយមានមនុស្សប្រុស៣នាក់និយាយភាសាចិន ធ្វើសកម្មភាពឆក់យកកាបូបលុយជនរងគ្រោះ ហើយបើករថយន្តសម្ដៅទៅរាជធានីភ្នំពេញគេចខ្លួនបាត់ លុះព្រឹកឡើងជនរងគ្រោះក៏ទៅដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់