ព័ត៌មានជាតិ

អុញនោះ! អ្នកបើកបរលើសល្បឿនកំណត់ និងរំលោភច្បាប់ចរាចរណ៍ សមត្ថកិច្ចនឹងចុះពិន័យដល់ផ្ទះព្រមទាំង…

កណ្ដាលៈ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល ១០ខែ ឆ្នាំ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ផងដែរ។

សូមបញ្ជាក់ថា៖ តាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍រយៈពេល ១០ខែក្នុង ឆ្នាំ២០១៩ មានការកើនឡើងចំនួន ៧៦១លើក ស្មើនឹង២៨% បើប្រៀបធៀបនឹងចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០១៨។

លោកអនុប្រធានអចិន្ត្រៃយ៍គណៈកម្មធិការបានឲ្យដឹងថា ទិសដៅបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាគណៈកម្មាធិការជាតិសុវត្ថិភាពចរារចណ៍ផ្លូវគោក គឺបន្តយុទ្ធនាការចែកមួក បំពាក់ស្លាកសញ្ញា បិទចំណាំងផ្លាត ជួសជុល និងថែទាំផ្លូវ និងសកម្មភាព និងយុទ្ធនាការផ្សេងៗទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។

លើសពីនេះទៀត លោកទេសរដ្ឋមន្ត្រីបានបន្តថា វិធានការមួយចំនួនដូចជា៖ ការដាក់កាមេរ៉ាតាមផ្លូវ ដើម្បីចាប់រថយន្តដែលបើកបរលើសល្បឿនកំណត់ និងរំលោភច្បាប់ចរាចរណ៍ (នឹងត្រូវពិន័យដល់ផ្ទះ ព្រមទាំងផ្សព្វផ្សាយតាមហ្វេសប៊ុក ដើម្បីបង្ហាញពីឥរិយាបថអាក្រក់ក្នុងការបើកបរ) ការល្បាតឆ្មក់ពេលយប់នៅតាមផ្លូវ ការដាក់ជញ្ជីងលើដងផ្លូវមុខរោងចក្រផលិតស៊ីម៉ងត៍ (ជាពិសេសរោងចក្រស៊ីម៉ងត៍ក្នុងខេត្តបាត់ដំបង) ការបិទយានដ្ឋានខុសច្បាប់ឲ្យអស់នៅដំណាច់ឆ្នាំនេះ នឹងត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត។

ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រីបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម យ៉ាងសកម្មក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយអនុវត្តច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន យករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ និងទៀងទាត់ ជាពិសេស សូមកុំខ្លាចប៉ូលិស ត្រូវខ្លាចច្បាប់ និងខ្លាចសេចក្ដីស្លាប់ខ្លួនឯង ទើបមិនមានគ្រោះថ្នាក់កើតឡើង។

លោកទេសរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់អនុគណៈកម្មការទាំងអស់ មន្ត្រីរបស់ក្រសួង និងមន្ត្រីនគរបាលដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត និងពេលវេលា ចុះធ្វើយុទ្ធនាការយ៉ាងសកម្ម ប្រើប្រាស់គ្រប់យុទ្ធសាស្ត្រនិងនីតិវិធី សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកទឹកចិត្តមន្ត្រីទាំងនោះឲ្យបន្ត និងស្វែងរកយុទ្ធនាការថ្មីបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅទសវត្សរ៍ របស់អង្គការសហប្រជាតិស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការកាត់បន្ថយអត្រា នៃការរងរបួសធ្ងន់ធ្ងរឲ្យបាន៥០% ត្រឹមឆ្នាំ២០២០៕

មតិយោបល់