ព័ត៌មានជាតិ

បុរសម្នាក់ បាត់ពីផ្ទះរយៈពេល២យប់ ស្រាប់តែប្រទះឃើញសាកសពនៅក្បែរស្រះចិញ្ចឹមត្រី

ពោធិ៍សាត់: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់ចូលលួចត្រី ក្នុងស្រះចិញ្ចឹមដែលម្ចាស់ រាយខ្សែភ្លើងទុកចោល បណ្តាលឲ្យឆក់ស្លាប់បាត់បង់ជីវិត នៅក្នុងស្រះទឹក ហេតុការណ៍​នេះកើតឡើងនៅស្រះចិញ្ចឹមត្រី របស់ម្ចាស់ឈ្មោះ លី សុង អាយុ៥៦ ឆ្នាំ ជនជាតិខ្មែរ នៅភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៤ និង២០នាទី​ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ។

តាមការរៀបរាប់របស់បងស្រីឈ្មោះហឿន សារុំ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវជាប្រពន្ធជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ប្តីរបស់បងស្រីមានឈ្មោះ លី សុភា អាយុ ២៨ ឆ្នាំ ភេទប្រុស បានបាត់ចេញពីផ្ទះរយ:ពេល២យប់មកហើយ លុះមកដល់ថ្ងៃទី២៣នេះ ស្រាប់តែសមត្ថកិច្ច បានប្រទះឃើញប្តីរបស់គាត់ដេកស្លាប់ក្នុងស្រះចិញ្ចឹមត្រីខាងលើ ។

លោកវរសេនីយ៍ត្រី នួន សុភាព អធិការរង នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានប្រាប់បញ្ជាក់ឲ្យដឹងថា ​តាមការត្រួតពិនិត្យ របស់គ្រូពេទ្យជំនាញ និងនគរបាលបច្ចេកទេសខេត្ត បានសន្និដ្ឋានថាជនរងគ្រោះ បានស្លាប់លើសពី១០ម៉ោងទៅហើយ សាកសពមានស្ពាយត្រីលើស្មា នៅលើទ្រូងដោះខាងស្តាំស្មើ ៦ សង់ទីម៉ែត្រ មានស្នាមរលាត់ឆេះ ទំហំ ៤ cm× ១ cm ស្មាខាងឆ្វេងស្នាមឆូត ១១cm រលាត់ស្បែក និងស្នាមជាំក ស្តាំរលាត់ទាក់វល្លិ៍ មេដៃស្តាំ ប្រអប់ដៃស្តាំម្រាមទាំងប្រាំ មានស្នាមរលាកកាត់ទទឹង ប្រដាប់ភេទរបស់ជនរងគ្រោះមានទឹកកាម ។

សមត្ថកិច្ច និងអាជ្ញាធរបានសន្មត់ថា ជនរងគ្រោះ(សាកសព)បានធ្វើសកម្មភាពលួចត្រីចិញ្ចឹមក្នុងស្រះ ហើយបរិវេណនៃស្រះមានចរន្តអគ្គិសនីទើបបណ្តាលឲ្យឆក់ស្លាប់បែបនេះ ។

លោកអធិការរង បានបន្តថា​តាមការចង្អុលការរបស់ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តពោធិ៍សាត់ម្ចាស់ស្រះចិញ្ចឹមត្រីឈ្មោះ លី សុង អាយុ៥៦ ឆ្នាំ ដែលជាជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលស្រុកក្រគរ នៅវេលាម៉ោង ១៣និង៣២ នាទីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីរៀបចំនីតិវិធីតាមច្បាប់ រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់