ព័ត៌មានជាតិ

ឧត្តមសេនីយ៍ម្នាក់ ចេញមុខកាងសំណង់អត់ច្បាប់ និងគំរាមបាញ់មេភូមិចោល

ភ្នំពេញៈ សំណង់អត់ច្បាប់មួយកន្លែង ដែលមានឧត្តមសេនីយ៍ម្នាក់ ចេញមុខមកកាង និងគំរាមបាញ់មេភូមិចោលថ្មគោលចោល ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះផ្អាកជាលើកទី២។

សំណង់មួយនេះ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលមានម្ចាស់ឈ្មោះ ងួន ចាន់សុធី ភេទប្រុស ជាមន្រ្តីយោធា បានលួចសាងសង់ពុំមានសុំច្បាប់ពីអាជ្ញាធរថ្នាក់ណាទាំងអស់ ហើយកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ កន្លងមក ត្រូវបានអ្នកស្រី ស៊ន សាវឿន ជាមេភូមិថ្មគោល សង្កាត់ចោមចៅ និងកម្លាំងអាជ្ញាធរភូមិ ចុះទៅសាកសួរ និងសូមឲ្យផ្អាកជាបណ្តោះអាសន្ន តែបែរជាម្ចាស់សំណង់ និងសាច់ញាតិ ដែលតាំងខ្លួន មានបណ្តាស័ក្តិជាឧត្តមសេនីយ៍ ចេញមុខមកកាង និងប្រមាថគម្រាមបាញ់មេភូមិចោល។

ទោះជាមានការហាមមិនទាន់ឲ្យសាងសង់ ដោយទុកពេលឲ្យសុំច្បាប់ជាមុនសិន តែដោយម្ចាស់ទីតាំងជាមន្រ្តីយោធាមានបណ្តាស័ក្តិខ្ពង់ខ្ពស់ តែគ្មានកិត្តិយស គ្រាន់តែច្បាប់សាងសង់ មិនខ្ចីសុំ បន្តលួចសាងសង់ដដែល រហូតមកដល់រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នេះ ទើបអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាល រងមន្រ្តីជំនាញ ចុះទៅផ្អាកសកម្មភាពសាងសង់វិញម្តង ចាំមើល លោកឧត្តមសេនីយ៍ គំរាមបាញ់ចោលទៀតអត់? ខណៈដែលកន្លងមក លោកឧត្តមសេនីយ៍ បានគំរាមទាំងអ្នកសារព័ត៌មានទៀតផង ពេលដែលរូបភាពជាប់លោក។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា សំណង់កំពុងសាងសង់ថ្មី មានម្ចាស់ជាមន្រ្តីយោធា ហើយមានសាច់ញាតិ ជាថ្នាក់ឧត្តមសេនីយ៍ទោ ចេញមុខមកកាង សំណង់អត់ច្បាប់ ទោះជាកន្លងមក អាជ្ញាធរមូលដ្ឋាន ធ្លាប់បានចុះសាកសួរ និងសូមឲ្យផ្អាកជាបណ្តោះអាសន្ន ម្តងរួចមកហើយដែរ តែម្ចាស់ទីតាំងចាត់ទុកអាជ្ញាធរ ដូចសំរាម ហាមម្តេច ហាមទៅ មិនខ្ចីខ្វល់ ថែមទាំងគំរាមបាញ់មេភូមិចោល ទើបពេលនេះ អាជ្ញាធរថ្នាក់ខណ្ឌចុះទៅផ្អាកសកម្មភាពសាងសង់ម្ដងវិញ រង់ចាំម្ចាស់ទីតាំង សុំច្បាប់ជាមុនទើបអនុញ្ញាតឲ្យសង់វិញ។

ក្នុងសកម្មភាព ចុះផ្អាកសំណង់ខាងលើ ត្រូវបានម្ចាស់ទីតាំង មិនព្រមទទួលស្គាល់ នូវសំណង់របស់ខ្លួនឯងសង់អត់ច្បាប់ទៀត មិនខ្ចីរវល់ ផ្តិតមេដៃទទួលខុសត្រូវចំពោះមុខ លោកអភិបាលរងខណ្ឌ និងមន្រ្តីជំនាញឡើយ សង្ស័យអាងសាច់ញាតិ មានលោកឧត្តមសេនីយ៍ទោ នៅក្រសួងការពាជាតិម្នាក់ ចេញមុខមកកាង។ ដោយឡែកអាជ្ញាធរ បានត្រឹមដកហូតសម្ភារៈមួយចំនួន រួចត្រឡប់ទៅវិញ៕

មតិយោបល់