ព័ត៌មានជាតិ

តុលាការ សម្រេចដាក់គុក បុរសម្នាក់ ដែលបរិហារកេរ្តិ៍ពីធិការិនី ទូរទស្សន៍ តាម Facebook

ភ្នំពេញៈ ក្រោយសាកសួរចប់ លោក ផន សុខខេមរិន្ទ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់នៅក្នុងគុក ជាបណ្តោះអាសន្ន ពាក់ព័ន្ធ សំណុំរឿង បរិហាកេរ្តិ៍ ពិធីការិនីទូរទស្សន៍ម្នាក់ តាមបណ្តាញសង្គម Facebook នេះយោងតាមការបញ្ជាក់របស់សមត្ថកិច្ចខណ្ឌសែនសុខ។

សមត្ថកិច្ចឲ្យដឹងថា លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះ ឈ្មោះ តាំង សុភិន ហៅ ភិន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងបទ ការក្លែងបន្លំ យោងតាមមាត្រា ៣០៥ មាត្រា ៦២៦ និងមាត្រា ៦២៧ នៃក្រមព្រហ្មទណ្ឌ។

គួររំឭកថា សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យ កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមពាក្យ បណ្តឹង របស់ជនរងគ្រោះ មានមុខរបរ ជាពិធីការិនីទូរទស្សន៍ (សុំមិនបញ្ចេញឈ្មោះ) ស្នាក់នៅផ្ទះលេខ២២E ផ្លូវ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ជនសង្ស័យបាន ហេកអខោនហ្វេសប៊ុក របស់នាង ហើយយកទៅបង្ហោះក្នុងន័យបង្ខូចបរិហារកេរ្តិ៍ ធ្វើឲ្យនាងអាប់ឱន និងខូចកេរ្តិ៍ឈ្មោះ ទើបនាងសម្រេចចិត្តដាក់ពាក្យប្តឹង ឲ្យសមត្ថកិច្ច ជួយរកយុត្តិតែម្តងទៅ៕

មតិយោបល់