ព័ត៌មានជាតិ

ផលិតផលក្លែងក្លាយជាង១០០តោន ត្រូវដុតបំផ្លាញចោល

ភ្នំពេញៈ ផលិតផលក្លែងក្លាយ ខូចគុណភាព សំណល់ផ្សេងៗ សរុបចំនួន១២មុខ ស្មើជាង១០០តោន ក្រោយពីសមត្ថកិច្ចបង្ក្រាប និងចាប់ដកហូតបានកន្លងមក ត្រូវបានយកទៅដុតបំផ្លាញចោល នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅដីវាលមួយកន្លែង ក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ព្រឹត្តិការណ៍ដុតបំផ្លាញផលិតផលនាព្រឹកនេះ ក្រោមអធិបតីភាព របស់លោក តេង សាវង្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ចូលរួមពីសំណាក់ សមត្ថកិច្ចចម្រុះ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សង្កាត់ ខណ្ឌ ដោយអនុវត្តតាមក្រមព្រហ្មទណ្ឌស្ថាពរលេខ ៣៥៩៦ (ឃ១)ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ និងតាមក្រមព្រហ្មទណ្ឌស្ថាពរលេខ ០២(ជជ) ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ របស់សាលាដំបូង ខេត្តកណ្តាល ។

តាមប្រសាន៍ឯកឧត្តម សន្ថិបណ្ឌិត តេង សាវង្ស បានឲ្យដឹងថា កិច្ចសហប្រតបត្តិការបង្ក្រាបបទល្មើស និងវត្ថុល្មើសច្បាប់ ដោយអនុវត្តតាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋម្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការដឹកនាំបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។

វត្ថុតាងចាប់យកផលិតផលក្លែងក្លាយ ហើយត្រូវយកមកដុតបំផ្លាញចោលនាពេលនេះ មានចំនួន១២មុខ សំបកបារីគ្រប់ប្រភេទ , សំបកសុងបារីចម្រុះ,បារីចម្រុះម៉ាក,សសៃថ្នាំជក់,ឧបករណ៍សម្ភារបម្រើក្នុងការផលិតបារី ,ផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ,ឧបករណ៍បម្រើឲ្យការផលិតគ្រឿងសម្អាង,ផលិតផលធូប និងធូបមូសសរុបប្រមាណជាង១០០តោន ក្រោយពីកម្លាំងជំនាញបង្ក្រាបចាបបានកន្លងមក នៅរាជធានីភ្នំពេញ និងនៅក្នុងខេត្តកណ្តាល ។

សមត្ថកិច្ចអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ចំពោះផលិតផលក្លែងក្លាយ និងចូលរួមសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ច ក្នុងករណីពិនិត្យ សង្ស័យឃើញថា មានទីតាំងផលិតផលផ្សេងៗ ដែលខុសច្បាប់ ដើម្បីទប់ស្កាត់ និងការពារសុខមាលភាពជូនប្រជាពលរដ្ឋ ៕

RATANA ORK

RATANA ORK

មតិយោបល់