ព័ត៌មានជាតិ

អាសូរណាស់! រថយន្តក្រុងក្រុមហ៊ុន រិទ្ធ មុន្នី បើកលឿនបុកម៉ូតូពីក្រោយកិនស្លាប់យោធាម្នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ០៦និង១៥នាទីល្ងាច ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន រិទ្ធ មុន្នី បើកលឿនបុកកិនម៉ូតូពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់មន្រី្តយោធាឆ័ត្រយោង ៩១១ម្នាក់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កជារបស់ក្រុមហ៊ុន រិទ្ធ មុន្នី ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 3B-1266 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ។
ជនរងគ្រោះឈ្មោះ សន សុភារិទ្ធ ភេទប្រុស អាយុ ៣៣ឆ្នាំ (ស្លាប់) ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FC-2142។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តបង្កចរាចរណ៍ស្របទិសគ្នា បុកពីក្រោយពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះមុខងារជា យោធិនបម្រើការងារនៅក្នុងអង្គភាពប្រឆាំងភេរវកម្មលេខ១៤ កងពលតូច (ទ័ពពិសេសឆ័ត្រយោង ៩១១) រងរបួសធ្ងន់ត្រង់ក្លៀកខាងស្តាំ និងស្លាប់មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុកម្លាំងនគរបាល ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់