ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូ PCX បុកសត្វគោ បណ្ដាលឲ្យដួលរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូធ្វើដំណើរតាមផ្លូវ ស្រាប់តែមានសត្វគោ ដើរកាត់ផ្លូវ ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុក បណ្តាលឲ្យដួលរងរបួសធ្ងន់ កាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ តាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹង ជិះម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GK-3354 ជាមធ្យោបាយ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង លុះដល់ចំណុចខាងលើ ស្រាប់តែសត្វគោ ដើរឆ្លងកាត់ផ្លូវ ធ្វើឲ្យជនរងគ្រោះ ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុក បណ្តាលឲ្យដួលរងរបួសធ្ងន់ ខ្ទេចម៉ូតូ រីឯសត្វគោ បានរត់បោលតាមផ្លូវជាតិលេខ៣ ឆ្ពោះទៅខាងត្បូងបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ៕

មតិយោបល់