ព័ត៌មានជាតិ

អាជ្ញាធរ ចាប់ផ្តើមបើកយុទ្ធនាការ ជួសជុល និងស្ថាបនាផ្លូវធំៗ ក្នុងក្រុង

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឯកភាពគ្នាហើយ ក្នុងការរួមគ្នា ធ្វើការជួសជុល និងស្ថាបនាផ្លូវធំៗ នៅក្នុងរាជធានី ហើយចំពោះរថយន្ត ដឹកទំនិញលើសចំណុះ ក៏នឹងមានវិធានការណ៍រួមគ្នា ទប់ស្កាត់ផងដែរ សំដៅធ្វើយ៉ាងណា ឱ្យការប្រើប្រាស់ផ្លូវ បានយូរអង្វែង។

ការសម្រេចចិត្តរួមគ្នានេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំមួយ រវាងលោក ប៉ា សុជាតិវង្ស និងលោក ស៊ុន ចាន់ថុល កាលពីរសៀលថ្ងៃទី១៩ មេសា ឆ្នាំ២០១៦ នៅសាលារាជធានីភ្នំពេញ ហើយក្នុងកិច្ចប្រជុំនោះ មន្ត្រីជំនាញនៃស្ថាប័នទាំងពីរ ក៏បានចូលរួមផងដែរ ដើម្បីពិភាក្សា អំពីកិច្ចការងារដឹកជញ្ជូនសាធារណៈរបស់រដ្ឋាករស្វយ័ត ដឹកជញ្ជូនរាជធានីភ្នំពេញ និងការកសាងហេដ្ឋារចនាសម្ព័ន្ឋ ក្នុងរាជធានីភ្នំពេញ រួមនឹងការទប់ស្កាត់ ការដឹកទំនិញលើសចំណុះ ផងដែរ។

លោក ប៉ា សុជាតិវង្ស ក្នុងកិច្ចប្រជុំនោះ បានមានប្រសាសន៍រាយការណ៍ អំពីគម្រោងនានា ដែលសាលារាជធានី បានខិតខំបង្កើនការងារជាច្រើន ក្នុងការសិក្សាធ្វើឱ្យប្រសើរឡើង ដោយសហការជាមួយជំនាញរៀបចំហេដ្ឋារចនា ពិសេសការប្រឈម ក្នុងការកកស្ទះចរាចរ រាល់ថ្ងៃ។ ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍គាំទ្រ ចំពោះរបាយការណ៍ ក្នុងការលើកឡើង អំពីការរៀបចំកាត់ផ្លូវកប់ស្រូវ ១៧គីឡូម៉ែត្រ ដើម្បីឱ្យសាលារាជធានី ទទួលកិច្ចការ និងជំរុញឱ្យស្ថាបនា ផ្លូវវត្តជំពុះក្អែក ឱ្យបានលឿន ព្រមទាំងការផ្តល់សាវាសាធារណៈ តាមប្រពន្ឋ័អនឡាញ។

ក្នុងកិច្ចពិភាក្សានេះដែរ ក៏បានសម្រេច ដោយនៅពេលដ៏ខ្លីខាងមុខនេះ សាលារាជធានី នឹងធ្វើចាក់អ៊ុត និងគូសលាបគំនូសផ្លូវសំខាន់ៗ ចំនួន៥ ក្នុងនោះ រួមមានផ្លូវនរោត្តម ម៉ៅ សេទុង កម្ពុជាក្រោម ព្រះសីហនុ សហព័ន្ឋរុស្សី ដែលការងារនេះ អនុវត្តន៍យប់ថ្ងៃសោរ៍ ខាងមុខនេះ។ ចំពោះរថយន្តដឹកលើសចំណុះវិញ លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា វាជាការគ្រោះថ្នាក់ និងបំផ្លាញផ្លូវបំផុត ដែលយើងត្រូវតែរួមគ្នា ដើម្បីទប់ស្កាត់ឱ្យខាងតែបាន បើមិនដូច្នេះទេ ផ្លូវរបស់យើង មិនអាចប្រើប្រាស់ បានយូរអង្វែងនោះទេ។ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យមានការផ្តល់ព័ត៌មាន ឱ្យគ្នាទៅវិញទៅមក ផងដែរ សំដៅធ្វើយ៉ាងណាអនុវត្តការងារ ដែលរដ្ឋាភិបាលដាក់ចុះ យើងធ្វើបានជោគជ័យ ទាំងអស់គ្នា៕

photo_2016-04-19_19-01-04 photo_2016-04-19_19-01-06 photo_2016-04-19_19-01-10 photo_2016-04-19_19-01-11 photo_2016-04-19_19-01-13

មតិយោបល់