ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ៣គ្រឿងរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីបានបុកគ្នាពេញទំហឹង និងបណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់ ត្រូវបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវ២០០៤ ត្រង់ចំណុចមុខកងដឹកជញ្ជួនលេខ៩៩ នៅវេលាម៉ោង ១១និង២០យប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេបានឃើញរថយន្តម៉ាក់ land cruiser ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AU-0470 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង បានធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ពីជើងទៅត្បូងយ៉ាងលឿន ស្រាប់តែដល់ចំណុចកើតហេតុខាងលើរថយន្តក៏រេចង្កូតទៅបុក រថយន្តម៉ាក់ lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AW-5947 ដែរធ្វើដំណើរបញ្រ្ចាសទិសគ្នា ហើយរថយន្តបង្កមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុក និងរថយន្ត Camery ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-7008 មួយទៀត បណ្ដាលនារីម្នាក់ជាអ្នកបើកបររថយន្តCamery រងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯម្ចាស់រថយន្តបង្ក ត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនយកទៅពិនិត្យជាតិស្រវឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ។
ក្រោយកើតហេតុសមត្ថកិច្ច មូលដ្ឋានបានទាក់ទងទៅកម្លាំងជំនាញ ឲ្យចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោក នៃស្នងការនគរបាលរាជធានី ភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ៕
មតិយោបល់