ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ចាក់ដោយកូនកាំបិតចុងស្រួច)ក្នុងវង់ផឹកស៊ី

សៀមរាប: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថាកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកពួកបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះសារឿន​រ៉ា ភេទប្រុស អាយុ១៨ឆ្នាំសញ្ជាតិខ្មែរស់នៅភូមិគោកត្រាចឃុំរើលស្រុកពួកខេត្តសៀមរាបមុខរបរកសិករពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ចាក់ដោយកូនកាំបិតចុងស្រួច)កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនៃអធិការដ្ឋាននគរបាលស្រុកពួកបានបញ្ជាក់ថានៅវេលាម៉ោង១០នឹង៣០នាទីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចភូមិគោកត្រាច ឃុំរើល ស្រុកពួក ខេត្តសៀមរាប ជនសង្ស័យឈ្មោះសារឿន រ៉ា បានផឹកស៊ីស្រវឹងទំនាស់ពាក្យសំដីជាមួយជនរងគ្រោះឈ្មោះរើន រ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំមុខរបរកសិករនៅភូមិ-ឃុំកើតហេតុជុំគ្នារហូតឈានដល់ការប្រើអំពើហិង្សាដោយជនរងគ្រោះឈ្មោះរើនរ៉ាត់បានយកដំបងវាយលើជនសង្ស័យឈ្មោះសារឿនរ៉ាត្រូវ០១ដំបងមុនហើយលោតទៅចាប់អោបត្រូវឈ្មោះសារឿនរ៉ាចាក់ដោយអាវុធកូនកាំកិតចុងស្រួចបណ្ដាលឲ្យឈ្មោះរើនរ៉ាត់រងរបួស០៣កន្លែងគឺរបួសមុតសាច់ដោះខាងស្ដាំ០១កន្លែងមុតសាច់ដើមទ្រូង០១កន្លែងនិងរយាសស្បែកលើចិញ្ចើម០១កន្លែង(ស្រាល)។

ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ចំណែកជនសង្ស័យឈ្មោះសារឿនរ៉ាត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងនាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពួក។

តាមការសាកសួររបស់សមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តបទល្មើសដោយចេតនាយកកូនកាំបិតចុងស្រួចចាក់លើឈ្មោះរើនរ៉ាត់ឱ្យរបួសពិតមែន។

បច្ចុប្បន្នសមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសលាដំបូងខេត្តសៀមរាបដើម្បីអនុវត្តតាមនីតិវិធីបន្ត៕

 

មតិយោបល់