ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបរម្នាក់ ករណីបុកអ្នកថ្មើរជើងស្លាប់ ហើយព្យាយាមបើករថយន្តរត់គេច

កំពង់ធំៈ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៦និង០៥នាទី លើកំណាត់ផ្លូវជាតិលេខ៦ ភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរ រថយន្ដ បុកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ បណ្ដាលឲ្យស្លាប់ម្នាក់។

រថយន្តម៉ាក ហ៊ីនដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2Y-6677 ធ្វើដំណើរពីជើងទៅត្បូងដោយឈ្មោះ ហែម សុវណ្ណដារា ភេទប្រុស អាយុ ៤៣ឆ្នាំ នៅបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរបើកបររថយន្តឈ្នួល ក្រោយពេលកើតហេតុ បានបើករថយន្តគេចចេញ ទៅដល់ចំណុចគោលដៅត្រួតពិនិត្យរថយន្តកែច្នៃ ទ្រុងខុសលក្ខណ:បច្ចេកទេស និងផ្ទុកសំពីងសំពោង ដែលស្ថិតនៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ឃាត់បាន ហើយប្រគល់ឲ្យកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក យកមកស្នងការដ្នាននគរបាលខេត្តកំពង់ធំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
អ្នកថ្មើរជើងឆ្លងកាត់ផ្លូវឈ្មោះ លាង ភី ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិត្រពាំងជ័រ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរកសិករ (ស្លាប់នៅកន្លែងកើតហេតុ)។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី។

មូលហេតុ៖ បឋមបង្កឡើងដោយអ្នកថ្មើរជើងឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន និងអ្នកបើកបររថយន្តមានល្បឿនលឿន៕

មតិយោបល់