ព័ត៌មានជាតិ

Update៖បែកកង់រថយន្តក្រឡាប់ ជាច្រើនត្រឡប់ ធ្វើឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ និងស្រាល

កំពង់ឆ្នាំងៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តហ្វត បែកកង់ក្រោយក្រឡាប់ជាច្រើន ត្រឡប់បណ្ដាល ឲ្យមនុស្សប្រុសស្រី៤នាក់ បានរងរបួសធ្ងន់និងស្រាល កាលពីវេលាម៉ោង១០និង៥៥នាទី នៅថ្ងៃទី ២២សីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៥ និង១០៦ ស្ថិតក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលៀប្អៀ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច ស្ថិតក្នុងកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តដែលរងគ្រោះថ្នាក់ក្រឡាប់នេះ ម៉ាកហ្វត ពណ៌សពាក់ស្លាក់លេខ PP2AF5098 បើកបរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន មានដឹកត្រី កង្កែប មាន់ ពេញរថយន្តគេដឹកចេញពីឆ្នុកទ្រូ ចូលទៅភ្នំពេញ ។

ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើមាន ដឹកត្រីពេញ បើកបរក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុបានបែកកង់ ក្រោយខាងឆ្វេងអូសជាច្រើនម៉ែត្រ ហើយបានបែកកង់ក្រោយម្ខាងទៀត និងបានក្រឡាប់ជាច្រើន ត្រឡប់ចាក់ត្រីចោលពេញផ្លូវ និងបានធ្វើឲ្យមនុស្សជិះ ក្នុងរថយន្តរងរបួសធ្ងន់ និងស្រាល ។

ប្រភពដដែល បានឲ្យដឹងទៀតថា ក្រុមអ្នកបើកបរថយន្តដឹកត្រីនេះ មានឈ្មោះ ពោង ជាអ្នកស៊ីឈ្នួល បើករថយន្តឲ្យម្ចាស់ឈ្មោះ សៅសារ៉ូ ក្នុងនោះរងរបួសធ្ងន់ម្នាក់ ឈ្មោះ ផូចូច ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅ ក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង រងរបួសធ្ងន់ និងម្នាក់ទៀត ឈ្មោះ សៅសារ៉ូ ភេទស្រី អាយុ២៩ឆ្នាំ ជាម្ចាស់រថយន្តនិង២នាក់ផ្សេងទៀត មិនត្រូវបានគេឲ្យស្គាល់ឈ្មោះ រងរបួសស្រាល ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ច ហៅរថយន្តមន្ទីរពេទ្យដឹកយកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ។ ដោយឡែករថយន្តត្រូវសមត្ថកិច្ចអូសយកមកការិយាល័យចរាចរណ៍ខេត្ត រក្សាទុករងចាំធ្វើការដោះស្រាយតាមនីតិវិធី៕

DSC00084 DSC00085 DSC00088 DSC00092 DSC00095 DSC00096 DSC00098 DSC00100

មតិយោបល់