ភ្នំពេញៈ នៅវេលាម៉ោង ១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវលេខ១០៥ ក្បែរនឹងផ្លូវលេខ២៩២ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីចោរគាស់បន្ទប់ជួលចំនួន ៣ជាប់ៗគ្នា អស់ជាង ២,០០០ដុល្លារ គេចខ្លួនទៅបាត់ស្រមោល។
ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីពលរដ្ឋក្បែរខាងបានឲ្យដឹងថា មុនពេលកើតហេតុគាត់ទើបតែចេញពីធ្វើការវិញ ហើយដើរឡើងលើផ្ទះ ខណៈនោះក៏ក្រឡេកឃើញក្រុមចោរ លើកទូរទស្សន៍ចុះទៅក្រោម ពេលឡើងទៅមើលនៅជាន់ទី៣ ឃើញបន្ទប់ចំនួន ៣ជាប់គ្នា ត្រូវបានចោរគាស់លួចយកសម្ភារៈ និងវត្ថុមានតម្លៃជាច្រើនទៅបាត់ រួចទាក់ទងប្រាប់ម្ចាស់ផ្ទះ និងម្ចាស់បន្ទប់ ជាង ២ម៉ោងក្រោយមកទើបឃើញសមត្ថកិច្ច ចុះសួរនាំ និងប្រាប់ឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍តែម្ដង។
ទ្រព្យសម្បតិ្តដែលបាត់បង់ដោយចោរលួចគាស់បន្ទប់ជួលនោះរួមមាន៖
-នាឡិកា
-ទូរទស្សន៍
-លុយ
-សរុបទៅជាង ២ពាន់ដុល្លារ។
សូមបញ្ជាក់៖ ករណីខាងលើនេះ ធ្វើឲ្យប្រជាពលរដ្ឋក្នុងខណ្ឌបឹងកេងកង ទើបតែបង្កើតថ្មីផងបែរជាមានជនសង្ស័យធ្វើសកម្មភាពគាស់ លួចសម្ភារៈអស់ជាច្រើនធ្វើឲ្យពួកគាត់មានការព្រួយបារម្ភក្នុងមូលដ្ឋាន កុំទុកឲ្យគាត់រិះគន់ទើបទប់ស្កាត់ពេលក្រោយ។ ប្រហែលជាមេឃត្រជាក់ផង សង្ស័យលោកមេប៉ុស្តិ៍បឹងកេងកងទី២ កំពុងតែលង់លក់ក្នុងដំដេករបស់គាត់ បានជាលោកចោរហ៊ានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋអស់ជាង ២,០០០ដុល្លារ៕


មតិយោបល់