អាមេរិក៖ គិតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន Apple បានបញ្ចេញលក់ iPhone ជាច្រើនលានគ្រឿង និងកំពុងតែល្បីល្បាញយ៉ាងខ្លាំងនៅក្នុងពិភពស្មាតហ្វូន ស្ទើរតែគ្រប់គ្រងទីផ្សារបានទាំងមូល។ ទាំងនេះគឺជាគំនិតច្នៃប្រឌិតដ៏អស្ចារ្យរបស់លោក Steve Jobs ដែលជាបិតាស្ថាបនិក Apple និងជាអ្នកបង្កើត iPhone ផងដែរ។
តើលោកអ្នកមានដឹងទេថា ហេតុអ្វីបានជា Steve Jobs សម្រេចចិត្តបង្កើត iPhone ទាំងដែលលោកមិនដែលមានបំណងចង់បង្កើតវាឡើង?
យោងតាមសៀវភៅជីវប្រវត្តិរបស់ Steve Jobs បានឲ្យដឹងថា លោក Jobs បង្កើត iPhone ឡើង ដោយសារតែលោកខឹងនឹងបុគ្គលិកម្នាក់របស់ក្រុមហ៊ុន Microsoft។
តើដើមចមនៃរឿងនោះយ៉ាងណា?
នៅថ្ងៃមួយ មានបុគ្គលិករបស់ក្រុមហ៊ុន Microsoft ម្នាក់បានអញ្ជញភរិយារបស់លោក Jobs ទៅចូលរួមនៅក្នុងកម្មវិធីខួបកំណើតមួយនៅក្នុងគេហដ្ឋានរបស់គេផ្ទាល់ ដោយភរិយារបស់ Steve Jobs ក៏បានបបួលលោកឲ្យទៅចូលរួមជាមួយ។ ខណៈដែលកម្មវិធីកំពុងតែសប្បាយរីករាយ បុរសដែលបម្រើការងារនៅក្នុងក្រុមហ៊ុន Microsoft បាននិយាយបែបដឺដង និងចំអែរចំអន់ដាក់ Jobs ថា ក្រុមហ៊ុន Microsoft កំពុងតែបង្កើតឧបករណ៍មួយដ៏អស្ចារ្យ ប្រើ Touch Screen ដែលមិនទាន់មានក្រុមហ៊ុនណាផលិតឡើងឡើយ។
សំដីនោះ បានធ្វើឲ្យ Jobs ខឹងយ៉ាងខ្លាំង។ លុះព្រឹកឡើង Jobs បានទៅដល់ក្រុមហ៊ុន និងបានប្រកាសប្រជុំបុគ្គលិកកំពូលៗ ឲ្យផលិតឧបករណ៍ថ្មីមួយ ដែលប្រើ Touch Screen មិនប្រើប៊ិច និងប៊ូតុងផ្សេងៗ ព្រមទាំងទុកពេលឲ្យ ៦ខែ។
ថ្ងៃកំណត់បានមកដល់ ទីបំផុតក្រុមការងារបានបង្កើតឧបករណ៍ថ្មី ដូចអ្វីដែល Jobs ចង់បាន ប៉ុន្តែឧបករណ៍នោះធំ មិនដូចជា iPhone នោះទេ។ ក្រោយពីសម្រេចចិត្តរួច Jobs បានបោះបង់ការបង្កើត iPad ដោយកែប្រែទៅជា iPhone វិញ និងបានប្រកាសដាក់បង្ហាញនូវថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៧ ដែលជាថ្ងៃកែប្រែប្រវត្តិសាស្ត្រសម្រាប់ Apple ហើយក៏ជាថ្ងៃចាប់ផ្ដើមនៃភាពជោគជ័យទៅលើទីផ្សារស្មាតហ្វូនផងដែរ។
ទាំងនេះគឺជារឿងរ៉ាវមួយចំនួនដែលទាក់ទងនឹងការបង្កើត iPhone ដែលដកស្រង់ចេញពីសៀវភៅជីវប្រវត្តិរបស់លោក Steve Jobs៕
មតិយោបល់