ព័ត៌មានជាតិ

Update៖ មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញម្នាក់ វ៉ៃពលរដ្ឋអ្នករត់ Pass App បណ្ដាលឲ្យរងរបួស ព្រោះតែរឿងឌឺដងមើលមុខគ្នា

ភ្នំពេញ: កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីទាស់ពាក្យសម្ដីគ្នា រវាងអ្នកបើករថយន្ត និងអ្នករត់ម៉ូតូកង់បី Pass App រហូតផ្ទុះជាហិង្សា បង្កការភ្ញាក់ដល់ពលរដ្ឋធ្វើដំណើរតាមដងផ្លូវ និងសមត្ថកិច្ច ចុះអន្តរាគមន៍។

រថយន្តខាងលើម៉ាក កូរ៉ូឡា ពាក់ស្លាកលេខ 1AQ-3750 មានព្យួរកាត កងរាជអាវុធរាជធានីភ្នំពេញ ដាក់ថា ប័ណ្ណបញ្ជាបេសកម្ម ឈ្មោះអនុសេនីយត្រី អ៊ូច ថាំ តួនាទី ជំនួយការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ។

ចំណែកជនរងគ្រោះឈ្មោះ សុខ ចិន្ដា មុខរបរ អ្នករត់ម៉ូតូកង់បី Pass App ភេទប្រុស អាយុ ៤២ឆ្នាំ ស្នាក់នៅស្រុកស្អាង ខេត្តកណ្ដាល មានស្រុកកំណើតនៅខេត្តស្វាយរៀង

តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើកម៉ូតូកង់បី Pass App ដឹកភ្ញៀវធ្វើដំណើរតាមផ្លូវ មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តខាងលើ ជិះក្បែរម៉ូតូគាត់ ហើយមើលមុខឌឺដងដាក់គ្នា ធ្វើកើតជាទំនាស់ពាក្យសម្ដី រហូតផ្ទុះជាហិង្សា ភាគីរថយន្តបង្ក បានចុះមកវ៉ៃបុរសម៉ូតូកង់បី បណ្ដាលឲ្យរងរបួស ហើយក៏ទ្បើងរថយន្ត ព្យាយាមបើករត់ តែត្រូវប្រជាការពារ ពលរដ្ឋ និងជនរងគ្រោះ ជិះដេញដល់ស្ពានដែកចម្ការដូងទាន់ ក៏ឈប់រថយន្ត ពេលនោះ ក៏ត្រូវសមត្ថកិច្ច ប្រចាំគោលដៅ ឃាត់ខ្លួន។ ចំណែរថយន្ត សង្ស័យត្រូវប្រជាពលរដ្ឋ វាយបែកកញ្ចក់ រងការខូចខាត។

ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះដល់ទីតាំងខាងលើ នាំទាំងមនុស្ស និងរថយន្តនាំមកប៉ុស្តិ៍នគរបាលបឹងទំពុនទី២ ធ្វើការសាកសួរអស់រយ:ពេលកន្លះម៉ោង ស្រាប់តែជនរងគ្រោះ សម្រេចចិត្តមិនដាក់ពាក្យបណ្ដឹងវិញ លទ្ធផលគ្មានអ្នកឈ្នះគ្មានអ្នកចាញ់។

សូមបញ្ជាក់៖ ករណីខាងលើនេះ ពលរដ្ឋនៅកន្លែងកើតហេតុ បានរិះគន់ទៅលើមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ ដែលមានតួនាទី ជាជំនួយការខណ្ឌព្រែកព្នៅ ទោះបីពលរដ្ឋខុសយ៉ាងណាគួរលោក ដែលជាមន្ត្រីអនុវត្តច្បាប់ទប់កំហឹង កុំប្រើហិង្សាទៅលើពលរដ្ឋបែបនេះ។

ពលរដ្ឋសំណូមពរតាមរយ:សារព័ត៌មាន Post News ទៅលោក រ័ត្ន ស្រាង ដែលជាមេបញ្ជាការអាវុធរាជធានីភ្នំពេញ មេត្តាជួយមើលមន្ត្រីក្រោមឱវាទ របស់លោកផង កុំឲ្យពួកគាត់ប្រើហិង្សាលើពលរដ្ឋ ជាក់ស្ដែងដូចរឿងខាងលើស្រាប់ គ្រាន់តែប៉ុណ្ណឹងសោះ ក៏ប្រើជើងប្រើដៃដែរ ធ្វើដូចជាគ្មានច្បាប់ទម្លាប់ រស់នៅក្នុងសង្គមសោះ៕

មតិយោបល់