ព័ត៌មានជាតិ

រថយន្ត និងទូដែកដាក់លុយជាង ៥០ម៉ឺនដុល្លារ ត្រូវបុគ្គលិកក្រុមហ៊ុនអនឡាញ ៤នាក់ លួចទៅបាត់ស្រមោល

ស្វាយរៀង: វេលាម៉ោង ៥ទៀបភ្លឺថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុច(អគារF)ក្នុងបរិវេណកាស៊ីណូម៉ុកបាយ ភូមិបាវិតកណ្តាល សង្កាត់ក្រុងបាវិត ខេត្តស្វាយរៀង បុរសរងគ្រោះជនជាតិចិនដែលជាបុគ្គលិកក្រុមហ៊ុនអនឡាញម្នាក់ បានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចនគរបាលមូលដ្ឋានក្រុងបាវិត ខណ:មានជនសង្ស័យជាជនជាតិចិន ៤នាក់ បម្រើការងារជាមួយគ្នាបានលួចយករថយន្ត និងទូដែកដាក់លុយប្រមាណជាង ៥០ម៉ឺនដុល្លាររួចគេចខ្លួនបាត់ស្រមោល។

ជនរងគ្រោះមានឈ្មោះ វ៉ង វីឈាន ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ចិន មុខរបរបុគ្គលិកក្រុមហ៊ុនអនឡាញ មានទីលំនៅ ស្រុកហ្វូជៀន ខេត្តហ្វូជៀន ប្រទេសចិន។

ជនសង្ស័យ ៤នាក់មានឈ្មោះដូចខាងក្រោម៖
១/ សូង ប៉ៃសិន (SONG BAIXIN) ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនអនឡាញ មានទីលំនៅ ស្រុកហ៊ីឡុងចាំង ខេត្តហ៊ីឡុងចាំង ប្រទេសចិន ។
២/ វ៉ង ប៉ាវអ៊ី (WANG BAOYU) ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុនអនឡាញ មានទីលំនៅ ស្រុកហ៊ីឡុងចាំង ខេត្តហ៊ីឡុងចាំង ប្រទេសចិន ។
៣/ លី ចាំងឈាន(LI ZHANQUAN) ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុនអនឡាញ មានទីលំនៅ ស្រុកហ៊ីឡុងចាំង ខេត្តហ៊ីឡុងចាំង ប្រទេសចិន ។
៤/ ឈិង ឡឹស៊ាន (CHENG LESHAN) ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុនអនឡាញ មានទីលំនៅ ស្រុកចាំងស៊ូ ខេត្តចាំងស៊ូ ប្រទេសចិន ។

សម្ភារ:បាត់បង់៖ រថយន្តក្រុមហ៊ុនម៉ាក VOLKSWAGEN MULTIVAN ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2AZ-3908 កម្មសិទ្ធិ របស់ ឈ្មោះ SU PEIYUAN ភេទប្រុស និងទូដែក ដែលមានប្រាក់ចំនួន ៥០០,០០០ ដុល្លារ (ប្រាំ សែនដុល្លារ អាមេរិក គត់ )។

បញ្ជាក់៖ ករណីខាងលើនេះ សមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវរកមុខជនសង្ស័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់