ព័ត៌មានជាតិ

Updateៈបន្ទាយមានជ័យទៀតហើយ! លង់៦នាក់តែជួយបាន៤ចំណែក២នាក់ទៀតលង់ស្លាប់ក្នុងទឹកអាងពង្រ

បន្ទាយមានជ័យៈ ក្មេងស្រី២នាក់ បានស្លាប់ក្នុងចំណោម ៦នាក់ ដែលបាននាំគ្នាទៅងូតលេងទឹកអាងពង្រ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលនៅវេលាវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្មេងស្រីរងដែលបានបាត់បង់ជីវិតទាំង២នោះ ទី ១/ឈ្មោះ- បឿន ស្រីណូ ភេទស្រី អាយុ៩ឆ្នាំ ទីលំនៅភូមិពង្រ, ឪពុកឈ្មោះ ប៊ិត ប៊ុននី អាយុ៣២ ឆ្នាំ ម្តាយឈ្មោះ តែម ស៊ីម អាយុ ២៨ ឆ្នាំ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ បច្ចុប្បន្នធ្វើការងារនៅប្រទេសថៃ រស់នៅជាមួយជីដូន, ២/-ឈ្មោះ ប៉ុច សុឃីម ភេទស្រី អាយុ១១ឆ្នាំ ឳពុកឈ្មោះ កែវ ម៉ៅ អាយុ៤១ឆ្នាំ ប្រពន្ធឈ្មោះ សេក សោម អាយុ៤៣ឆ្នាំ ទីលំនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថាៈ ជារៀងរាល់ថ្ងៃ នៅអាងទឹកពង្រនេះ មានក្មេងៗជាច្រើននាក់ បាននាំគ្នាមកងូតលេងនៅរណ្តៅទឹកដែលមានជម្រៅ៣ទៅ៤ម៉ែត្រ តែថ្ងៃនេះ មិនដឹងជាចៃដន្យអ្វី ក៏ស្រាប់តែមានក្មេងប្រុសស្រីចំនួន៦នាក់ បានលង់ទឹក ត្រូវបានបងប្អូនអ្នកបង់ត្រី នៅក្បែរនោះ ក្រោយពីលឺថាក្មេងលង់ទឹក ក៏បាននាំគ្នាទៅជួយសង្រ្គោះបានតែ៤នាក់ ចំណែកក្មេងស្រី២នាក់ទៀត បានលិចទៅក្នុងទឹកបាត់ជួយមិនទាន់ ក្រោយរាវរកឃើញគឺអកុសល្យបានបាត់បង់ជីវិតទៅ ហើយ។

ជាមួយគ្នានោះដែរ លោកអធិការក្រុងសិរីសោភ័ណ បានអំពាវនាវដល់អាណាព្យាបាល ឪពុកម្តាយ កុំបណ្តោយឲ្យក្មេងមកលេងរណ្តៅទឹកអាងនេះ តទៅទៀត ដែលនាំឲ្យមានបញ្ហាគ្រោះថ្នាក់ ព្រោះជម្រៅរណ្តៅនេះ គឺជ្រៅ ដូច្នេះសូមហាមកូនចៅ កុំឲ្យមកលេងនៅអាងទឹកនេះទៀតអី ៕

មតិយោបល់