ព្រះសីហនុៈ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៩ និង ២០នាទី មានករណីរថយន្តដឹកអ្នកដំណើរបុកម៉ូតូ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់នឹងកន្លែងកើតហេតុ ស្ថិតនៅភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨១-១៨២ ។
ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក TOYOTA HIACE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-2340 របស់ក្រុមហ៊ុន វីរៈប៊ុនថាំ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកពេញទំហឹងជាមួយម៉ូតូម៉ាក NEX ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរបញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ លី រ៉ៃមាន ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរកម្មករ រួមដំណើរដោយឈ្មោះ នី រ៉ៃមាន ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរកម្មករ អ្នកទាំង២រស់នៅភូមិដូនលូយ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យស្លាប់ទាំង២នាក់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយតាមច្បាប់ ចំណែកសពជនរងគ្រោះបញ្ជូនឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់