ព័ត៌មានជាតិ

វិលមកពីទិញថ្នាំញៀន មិនទាន់បានមួយហឺតផង កម្លាំងនគរបាលក្របួចជាប់២នាក់

ភ្នំពេញ: យុវជន២នាក់ជិះម៉ូតូឌុបគ្នាទៅទិញថ្នាំញៀនយកទៅជក់ មិនទាន់បានអុជមួយហឺតផង ជួបវាសនាអាក្រក់ កម្លាំងល្បាតរបស់ប៉ុស្តិ៍កាកាប១ ប្រទះជួបក្របួចបាន២នាក់ កាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវ ក្បែរផ្ទះជួល៣ជាន់ ក្រុម១ ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ ចាន់ វិលាល ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ និងទី២ ឈ្មោះ ងួន សុខកាក់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិកាកាប សង្កាត់កាកាប២ ។

ក្រៅពីឃាត់ខ្លួនជនសង្ស័យ នគរបាលឆែករកឃើញថ្នាំញៀនចំនួន២កញ្ចប់តូច ដែលជនទាំង២ ទើបតែទិញបានថ្មីៗ រីឯអ្នកលក់ ដឹងខ្លួនទាន់ បានគេចខ្លួនបាត់ស្រមោល។

តាមនគរបាល បានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍ដឹកនាំដោយលោក ទូច ទី នាយប៉ុស្តិ៍ចុះល្បាតក្នុងមូលដ្ឋាន ដល់ចំណុចខាងលើ ប្រទះជួនជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AD-8789 តាមផ្លូវ គ្រាន់តែឃើញកម្លាំងប៉ូលិស បែរជាបើករត់គេច ទើបដេញតាម ចាប់ឃាត់ត្រួតពិនិត្យ រកឃើញថ្នាំញៀន២កញ្ចប់ រីឯអ្នកលក់រត់គេចខ្លួនបាត់ ។

ជនសង្ស័យរួមជាមួយថ្នាំញៀន សមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់