ភ្នំពេញៈ នារីវ័យក្មេងជាកម្មការនីរោងចក្រម្នាក់ ខណៈដែលកំពុងដើរឆ្លងផ្លូវ ចូលធ្វើការរោងចក្រ ត្រូវបានម៉ូតូសេ១២៥ បើកល្បឿនលឿន ជ្រុលទៅបុកបណ្តាលឲ្យរងរបួសបាក់ភ្លៅឆ្វេង កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវចោមចៅ មុខរោងចក្រហុងវ៉ា ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
នារីរងគ្រោះឈ្មោះ នេត គុណថេ អាយុ១៨ឆ្នាំ ទើបធ្វើតេស្តជាប់ ចូលបម្រើការងារ នៅរោងចក្រហុងវ៉ា ស្នាក់នៅជាមួយម្តាយមីង នៅផ្ទះជួលភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ មានស្រុកកំណើត ភូមិប្រសែ ឃុំបឹងព្រះ ស្រុកបាភ្នំពេញ រងរបួសបាក់ភ្លៅឆ្វេង ។ ចំណែកម៉ូតូបង្ក ម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FJ-1682 ម្ចាស់អ្នកបើកបរ គេចខ្លួនបាត់ ក្រោយកើតហេតុ។
តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ នារីរងគ្រោះ ដើរឆ្លងផ្លូវពីត្បូង ទៅជើង ឆ្ពោះចូលរោងចក្រហុងវ៉ា ខណៈដែលដើរដល់ទន្ទឹមខឿនទ្រូងផ្លូវ ត្រូវបានម៉ូតូបង្ក បើកល្បឿនលឿនពីកើតទៅលិចបុកពេញទំហឹង បណ្តាលឲ្យរងរបួស បាក់ភ្លៅឆ្វេង សន្លប់ស្តូក ។
ភ្លាមៗ ត្រូវបានក្រុមគ្រួសារ ទៅដល់កន្លែងកើតហេតុ រួមជាមួយប្រជាពលរដ្ឋ លើកយកទៅគ្លីនិកក្បែរនោះ រីឯអ្នកបើកបរម៉ូតូ ឆ្លៀតឱកាស បានគេចខ្លួនបាត់ ។
ហេតុការណ៍នេះ បានធ្វើឲ្យលើកំណាត់ផ្លូវចោមចៅ ចំណុចខាងលើ ទាំងឆ្វេងទាំងស្តាំ កកស្ទះចរាចរណ៍ រហូតដល់កម្លាំងប្រជាការពារ នគរបាលមូលដ្ឋានចុះទៅសម្រួល និងយករថយន្តទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំស្រាវជ្រាវរកម្ចាស់ម៉ូតូ មកដោះស្រាយ៕








មតិយោបល់