ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបុករថយន្តខូចចតចោលពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗ

ស្វាយរៀង: នៅវេលាម៉ោង ១២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូជិះបុកពីក្រោយ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវលេខ១ ចន្លោះគីឡូម៉ែត្រ១០៩-១១០ ភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1CF-0020 អ្នកបើកបរឈ្មោះ ង៉ុល រិក ភេទប្រុស អាយុ ៣២ឆ្នាំ (ស្លាប់) មុខរបរ កសិករ រស់នៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មិនពាក់មួកសុវត្ថិភាព។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សលាយក្រហម ពាក់ស្លាកលេខ តួក្រោយ ភ្នំពេញ 4A-7586 លេខក្បាល ភ្នំពេញ 3C-8496 អ្នកបើកបរមិនស្គាល់ អត្តញ្ញាណរត់បាត់ពីកន្លែងកើតហេតុ។

មូលហេតុ៖ រថយន្តខូចចតចោលលើចញ្ចើមផ្លូវ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននរគបាលស្រុកស្វាយជ្រំ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី រីឯសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់