ព័ត៌មានជាតិ

ប្រមុខទីអវកាសរុស្ស៉ីគំរាមដើរចេញពីស្ថានីយអវកាសអន្តរជាតិ ដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិក

 

(ម៉ូស្គូ)៖ ប្រធានទីភ្នាក់ងារអវកាសរុស្ស៉ី កំពុងបង្ហាញសញ្ញាគំរាមថា ខ្លួននឹងដើរចេញពីកម្មវិធីស្ថានីយអវកាសអន្តរជាតិ (ISS) នៅឆ្នាំ២០២៥ ប្រសិនបើសហរដ្ឋអាមេរិកមិនព្រមដកទណ្ឌកម្ម ប្រឆាំងវិស័យអវកាសរុស្ស៉ីចេញវិញទេនោះ។

ក្នុងសវនាការដេញដោលមួយនៅសភារុស្ស៉ី កាលពីថ្ងៃចន្ទសប្តាហ៍នេះ នាយកទីភ្នាក់ងារអវកាស Roscosmos លោក Dmitry Rogozin បាននិយាយថា «បើសិនជាទណ្ឌកម្មនៅដដែល ហើយមិនត្រូវបានដកចេញ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខទេនោះ ការដកខ្លួនចេញរបស់រុស្ស៉ីពីកម្មវិធី ISS គឺជាការទទួលខុសត្រូវរបស់សហរដ្ឋអាមេរិក»។

លោក Rogozin បានបន្ថែមថា ជម្រើសមានពីរក្នុងនោះ ទីមួយគឺរុស្ស៉ី-សហរដ្ឋអាមេរិកត្រូវសហការគ្នា តែតម្រូវឲ្យដកទណ្ឌកម្មចេញវិញ រីឯទីពីរគឺប្រទេសទាំងពីរលែងសហការគ្នាតទៅទៀត ហើយរុស្ស៉ីនឹងបង្កើតស្ថានីយអវកាសផ្ទាល់ខ្លួន។ បើតាមលោក Rogozin ទណ្ឌកម្មរបស់អាមេរិក ក៏ធ្វើឲ្យរុស្ស៉ីមិនអាចបាញ់បង្ហោះ ផ្កាយរណបមួយចំនួនបានផងដែរ។

កិច្ចព្រមព្រៀង ISS នឹងត្រូវផុតសុពលភាពនៅឆ្នាំ២០២៤ ប៉ុន្តែបណ្តាប្រទេសដៃគូ កំពុងចរចាគ្នាដើម្បីពន្យារវាឲ្យដល់ឆ្នាំ២០២៨៕

ប្រភព៖​ CNBC

 

មតិយោបល់