ភ្នំពេញៈ កម្សត់ម្ល៉េះស្ដ្រីម្នាក់ ទើបសម្រាលកូនបានជាង១ខែ ត្រូវបានប្ដីវាយធ្វើបាប និងចុះចោលដោយទុកឲ្យប្រពន្ធ និងកូនរស់នៅ រកតែបាយហូបមិនបានផង។
ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៧ និង៣០៥នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់ជួលភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ដ្រីកម្សត់ខាងលើឈ្មោះ ចាន់ ភក្ដី អាយុ២៨ឆ្នាំ និងកូនប្រុសទើបបានជាង១ខែ មានស្រុកកំណើតនៅភូមិឫស្សីជួរ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ។ ចំណែកប្ដីត្រូវគេស្គាល់ឈ្មោះ សារិទ្ធ អាយុ២៩ឆ្នាំ រស់នៅស្រុកជាមួយគ្នា តែភូមិឃុំផ្សេងគ្នា។
តាមប្រភពព័ត៌មានពីស្ត្រីខាងលើ បាននិយាយរៀបរាប់ទាំងទឹកភ្នែកថា រូបគាត់ និងប្ដីបានស្រទ្បាញ់គ្នា ដោយចិត្តនិងចិត្ត ហើយរស់នៅផ្ទះជួលជាមួយគ្នា អស់រយៈពេលជាង២ឆ្នាំមកហើយ និងមានចំណងដៃកូនប្រុសម្នាក់ អាយុទើបតែជាង១ខែប៉ុណ្ណោះ។ ប្ដីរបស់គាត់ជាកម្មករសំណង់ ចំណែករូបគាត់វិញ ពុំមានការងារធ្វើទេ ព្រោះគាត់ទើបនឹងសម្រាលកូន។
ប្រភពដដែលបានបន្តទៀតថា នៅមុនថ្ងៃកើតហេតុមួយថ្ងៃ ប្តីរបស់គាត់បាននាំមិត្តភក្តិ មកផឹកស៊ីនៅបន្ទប់ផ្ទះជួលរបស់គាត់ ដោយបម្រុងឲ្យមិត្តភក្តិរស់នៅបន្ទប់ជួលជាមួយទាំងគាត់ កំពុងតែមានជីវភាពខ្វះខាតផង ដោយគាត់ជាប្រពន្ធមិនព្រម ក៏កើតជារឿងឈ្លោះប្រកែកសម្តីគ្នា រហូតប្ដីវាយធ្វើបាប រួចក៏ចុះចោលគាត់ទៅបាត់តែម្ដង។
បន្ទាប់ពីទទួលដំណឹងថា មានស្ត្រីទើបសម្រាលកូន ហើយប្តីរត់ចោល លោកនាយរងប៉ុស្តិ៍ចោមចៅទី២ មានការអាណិតអាសូរ ក៏បានជួយជាអង្ករចំនួន៥គីឡូ និងម្ហូបអាហារព្រមទាំងមុងភួយដល់ស្ត្រី ដែលត្រូវប្តីរត់ចោល។ សូម្បីតែម្ចាស់ផ្ទះជួល ក៏មិនយកថ្លៃឈ្នួល នឹងទឹកភ្លើងផងដែរ ដោយឃើញជីវភាពខ្វះខាតខ្លាំងពេក៕
មតិយោបល់