ព័ត៌មានជាតិ

ពលរដ្ឋប្រមូលផ្តុំគ្នាបោះជំរុំ ទប់ស្កាត់ក្រុមហ៊ុនចិន ខណៈអាជា្ញធរខេត្តបានត្រឹមសន្យាខ្យល់

ឧត្តរមានជ័យៈ ប្រជាពលរដ្ឋជាច្រើនភូមិ នៅស្រុកចុងកាល់ បានប្រមូលផ្តុំគ្នាបោះទីតាំង ដើម្បីទប់ស្កាត់ និងតវ៉ា ផ្អាកសកម្មភាពការងារក្រុមហ៊ុនអីណូហាយត្រូ(ចិន) មានការដ្ឋាននៅភ្នំអាតោ ដើម្បីសុំឲ្យភាគីក្រុមហ៊ុន និងអាជ្ញាធរដោះស្រាយសំណងផលប៉ះពាល់ដល់ពួកគាត់សិន ទើបអនុញ្ញាតឲ្យធ្វើសកម្មភាពបន្តទៀត។

ការប្រមូលផ្ដុំរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់នេះ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិស្រះកែវ ឃុំពង្ររ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ប្រជាពលរដ្ឋខាងលើ បាននិយាយថា ពួកគាត់បានមកបោះតង់ ទប់ស្កាត់ និងតវ៉ារយៈពេល២ថ្ងៃហើយ គឺថ្ងៃទី៥ និងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ដេកមិនរំសាយទៅលំនៅស្ថានវិញនោះវិញទេ ប្រសិនបើអាជ្ញាធរខេត្តឧត្តរមានជ័យ និងក្រុមហ៊ុនមិនចេញមុខមកដោះស្រាយជូនពួកគាត់ឲ្យបានច្បាស់លាស់ ដូច្នេះពួកគាត់នៅតែបន្តរង់ចាំឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនរហូត។

ពលរដ្ឋបន្តថា អាជា្ញធរខេត្តឧត្តរមានជ័យ បានសន្យាជាមួយពួកគាត់រួចម្តងហើយថា មកដោះស្រាយឲ្យពួកគាត់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ តែរហូតមកដល់ពេលនេះ មិនមានអាជា្ញធរ ឬតំណាងក្រុមហ៊ុនចេញមកដោះស្រាយនោះទេ ដរាបណាមិនចេញមកដោះស្រាយ ពួកគាត់ក៏មិនរំសាយនោះដែរ៕

IMG_3279IMG_3285IMG_3370IMG_3371

មតិយោបល់