ព័ត៌មានជាតិ

មេឃុំស្រើង យកគ្រឿងចក្រឈូសឆាយដីព្រៃ

កំពង់ធំ: លោក ហួត ឈាង មេឃុំស្រើង ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋ ក៏ដោយសារតែជាមន្រ្តីគំរូ អាជ្ញាធរគំរូ បែរជាមិនព្រមអនុវត្តច្បាប់ បែរជាអង្គុយលើច្បាប់ ដេកលើច្បាប់ បានធ្វើ ឲ្យមានការអស់សំណើចយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដោយសារលោក មេឃុំដែលជាប់ឈ្មោះជាឈ្មួញលក់ដី ទិញដី អាងខ្លួនជាមេឃុំ មិនខ្ចីអនុវត្តច្បាប់តាមបែបបទរដ្ឋបាល បែរជានាំគ្រឿងចក្រចំនួន២គ្រឿងមកឈូស ឆាយដីព្រៃរបស់រដ្ឋ ដោយមិនខ្ចីសុំច្បាប់បន្តិចឡើយ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាធរ អមសាលាដំបូង ខេត្តកំពង់ធំ ក្រោយពីទទួលព័ត៌មានថា មានគ្រឿងចក្រ ចំនួន២គ្រឿង កំពុងតែធ្វើសកម្មភាពឈូសឆាយដី នៅចំណុចអូធ្នូរ ឃុំ ស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក៏បានបញ្ជាកម្លាំងមានសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំស្រើង និងមេព្រៃចុះទៅឃាត់គ្រឿងចក្រចំនួន២គ្រឿង ហើយនាំមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ដើម្បីរងចាំឯកសារផ្សេងៗនិងចាត់វិធានការតាមច្បាប់។
លោក ហួត ឈាង មេឃុំស្រើងបាន បំភ្លឺថាឈូសឆាយដីព្រៃ១០ហិចតានេះ ម្តងថាដីរបស់ប្រជាពលរដ្ឋ ម្តងថាដីរបស់គាត់មានប្លង់៥ហិចតា ហើយគាត់ពុំបានសុំច្បាប់ឈូសឆាយនោះទេព្រោះគាត់ជាមេឃុំ លោកមានសិទ្ធក្នុងការឈូសឆាយសម្រាប់បង្ករបង្កើនផលតាមអនុក្រិត្ត០១ ដោយយោងតាមរាជរដ្ឋាភបាលបញ្ជាក់ថា ដីប្រជាពលរដ្ឋមុនឆ្នាំ ២០១២គឺប្រជាពលរដ្ឋមានសិទ្ធអាស្រ័យផង លោកបានបញ្ជាក់ថា ការឈូសឆាយនេះ ដើម្បីស៊ីឈ្នួលយកលុយទៅជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលគ្មានលុយថតរូប ដើម្បីចុះឈ្មោះបោះឆ្នោត។

ចំណែក ម្ចាស់គ្រឿងចក្រ ត្រូវជាកូនបង្កើតរបស់ លោក ហួត ឈាង មេឃុំស្រើង បានបញ្ជាក់ថា ដីសរុបទាំង អស់មាន១០ហិចតា ហើយការឈូសឆាយដីនេះ គឺឪពុករបស់លោកបានប្រាប់ថា បានសុំច្បាប់អស់ហើយ ទើបលោកហ៊ានយកគ្រឿងចក្រមកឈូសឆាយដីនេះ។
លោក ខៀវ ប៉ាង អភិបាលស្រុកប្រាសាទសំបូរ បានឲ្យដឹងថាតាមទូរស័ព្ទថា លោកមិនបានចេញលិខិត អនុញ្ញាតិឲ្យមានការឈូសឆាយដីព្រៃខាងលើនោះទេ គឺមិនបានទទួលដំណឹងអ្វីទាំងអស់ តែបើពិនិត្យឃើញថា គ្មានច្បាប់ គឺឲ្យសមត្ថកិច្ចជំនាញចាត់ការតាមវិធានការច្បាប់ចុះ តែការចុះឈ្មោះបោះឆ្នោត គឺពុំតម្រូវឲ្យបង់លុយកាក់នោះទេ៕

photo_2016-10-14_19-09-36

photo_2016-10-14_19-09-39

photo_2016-10-14_19-09-41

photo_2016-10-14_19-09-43

photo_2016-10-14_19-09-45

មតិយោបល់