ព័ត៌មានជាតិ

សមត្ថកិច្ចផ្ទុះអាវុធជិត ២០គ្រាប់ ទើបចាប់ក្រុមចោរលួចម៉ូតូបាន

ព្រៃវែងៈ កម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកព្រះស្តេច ខេត្តព្រៃវែង បានឃាត់ខ្លួន ជនសង្ស័យ ចំនួន ០២ នាក់ ពីបទ កាច់ សោរម៉ូតូ ក្រោយដេញប្រផាប់ ចាប់ប្រផីង រហូតផ្ទុះអាវុធជិត ២០គ្រាប់ ទើបចាប់ក្រុមចោរទាំងនោះបាន។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុច ភូមិ ឧកញ្ញាឯម ឃុំ អង្គររាជ្យ ស្រុក ព្រះស្ដេច ដោយក្រុមចោរបានកាច់ ក ម៉ូតូម៉ាក HONDA សេ ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ព្រៃវែង1A៦៧៨៩ ជារបស់ឈ្មោះ សូត រ៉ុង ភេទប្រុសអាយុ ២៩ ឆ្នាំ រស់នៅភូមិ ឧកញ្ញាឯម ឃុំ អង្គររាជ្យ ស្រុក ព្រះស្ដេច ដែលម្ចាស់ទុកចោល ចុះទៅបាញ់ថ្នាំ ស្រូវ។

ការឃាត់ខ្លួននេះ ក៏បានធ្វើឡើងបន្ទាប់ពីជនរងគ្រោះបានទូរស័ព្ទមកប្តឹងសមត្ថកិច្ចឲ្យតាម ស្ទាក់ ហើយពេលជនសង្ស័យជួបសមត្ថកិច្ច ក៏បានផ្តួល ម៉ូតូរត់។ ខណៈពេលរត់គេចនោះ សមត្ថកិច្ចបានផ្ទុះអាវុធចំនួន១៩គ្រាប់ ទើបអាចបង្អាក់សកម្មភាពក្រុមចោរបាន។ សមត្ថកិច្ច ចាប់បានក្រុមចោរ ២នាក់ នៅ ចំណុចភូមិទឹកសិន ឃុំបឹងដោល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់នោះរួមមាន ទី១.ឈ្មោះ ឡេង ភាប់ ភេទ ប្រុសអាយុ ២១ ឆ្នាំ រស់នៅភូមិ មានជ័យឃុំទឹកថ្លា ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង, ទី២ ឈ្មោះ ច្រឹប ភាព ភេទ ប្រុស អាយុ ៣០ ឆ្នាំ នៅភូមិ ពន្លៃឃុំពន្លៃ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នជនសង្ស័យត្រូវឃាត់ខ្លួន និងវត្ថុតាងរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកព្រះស្ដេច និងកសាងនីតិវិធី៕

មតិយោបល់