ព័ត៌មានជាតិ

ចំថ្ងៃស៊យ! ចោរអស់លក្ខណ៍ ជាមុខសញ្ញាលួចដ៏កក្រើក ជិះម៉ូតូបុកសត្វគោ ត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់ជាប់

ពោធិ៍សាត់: កាលពីវេលាម៉ោង ២និង៣៦នាទីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាប្រើប្រាស់ និងចែកចាយនូវសារធាតុញៀន ព្រមទាំងលួចកក្រើកតាមភូមិនិងឃុំ បន្ទាប់ពីជនសង្ស័យ ជិះម៉ូតូគេចខ្លួន ពីការតាមប្រមាញ់របស់សមត្ថកិច្ច ទៅបុកសត្វគោនៅស្រុកវាលវែង។

ជនសង្ស័យខាងលើ ឈ្មោះ ឃន ពុទ្ធារ៉ា ហៅ អាធារ៉ា ភេទប្រុស អាយុ២៣ ឆ្នាំ មានទីលំនៅក្នុងភូមិនិងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ច បានឲ្យដឹងថា កន្លងមកជនសង្ស័យ តែងតែធ្វើសកម្មភាពជាញយ រួចចូលទៅសំងំលាក់ខ្លួន នៅព្រៃឬស្សី ឬក៏ព្រៃរនាម ជាហេតុធ្វើឲ្យកម្លាំងពិបាក នៅក្នុងការបង្ក្រាប។

ក្រោយឃាត់ខ្លួន ជនសង្ស័យ ត្រូវសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅអធិការនគរបាលស្រុកក្រគរ នឹងបន្តទៅស្នងការនគរបាលខេត្ត ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់