ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីមនុស្សឃាតដោយអចេតនា ស្លាប់បង និងប្អូនរងរបួសធ្ងន់

សៀមរាបៈ នៅវេលាម៉ោង ៩និង០០នាទីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ចំណុចដីស្រែរបស់ជនសង្ស័យស្ថិតក្នុងភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

ជនសង្ស័យឈ្មោះ យ៉ៃ យឿត ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ពាក់ព័ន្ធករណីមនុស្សឃាតដោយអចេតនា (រាយខ្សែភ្លើងឆក់យកសត្វកណ្តុរ បណ្តាលឲ្យឆក់ស្លាប់អ្នកដទៃ)។
ដោយបានតភ្ជាប់ខ្សែភ្លើងបណ្ដាញអគ្គិសនីពីផ្ទះរបស់ខ្លួន ទៅដីស្រែកើតហេតុដែលនៅទិសខាងលិចចម្ងាយប្រហែល ៧០ម៉ែត្រ និងតភ្ជាប់ដោយខ្សែលួសហុមព័ទ្ធដីធ្វើស្រែរបស់ខ្លួននោះ ដើម្បីដាក់ជាអន្ទាក់ឆក់សត្វកណ្ដុរ បណ្ដាលឲ្យឆ្លងឆក់លើជនរងគ្រោះ ២នាក់បងប្អូនបង្កើត ១,ឈ្មោះ ភួន ផង់ ភេទប្រុស អាយុ ៣៥ឆ្នាំ បណ្តាលឲ្យស្លាប់។
២,ឈ្មោះ ភួន ភិត ហៅចិន ភេទប្រុសអាយុ ២១ឆ្នាំ បណ្ដាលឲ្យរងរបួស(សន្លប់)ពួកគាត់រស់នៅភូមិឃុំកើតហេតុខាងលើ ខណៈពួកគាត់កំពុងដើរលើឆ្លុះបាញ់សត្វក្នុងបរិវេណដីស្រែនោះ ។

ក្រោយទទួលសេចក្តីរាយការណ៍ភ្លាមៗ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការនាំខ្លួនឈ្មោះ យ៉ៃ យឿត មកធ្វើការសួរនាំជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពតបណ្ដាញចរន្តភ្លើងអគ្គិសនីជុំវិញដីស្រែរបស់គេ បណ្ដាលឲ្យឆក់លើជនរងគ្រោះទាំងពីរនាក់ ស្លាប់នឹងរងរបួសប្រាកដមែន ។

សាកសពជនរងគ្រោះឈ្មោះ ភួន ផង់ ឃើញមានស្លាកស្នាមអុជជាំ នៅប្រអប់ជើងខាងស្ដាំ
ចំណែកជនរងគ្រោះឈ្មោះ ភួន ភិត ហៅចិន ឃើញមានស្លាកស្នាមអុជជាំ នៅប្រអប់ជើងខាងស្ដាំ និងប្រអប់ខ្នងដៃខាងឆ្វេង កំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកពួក។

កន្លែងកើតហេតុពិនិត្យឃើញមានខ្សែភ្លើង ខ្សែលួសហ៊ុមព័ទ្ធ នឹងឃើញកាំភ្លើងខ្យល់កែច្នៃជាមួយសម្ភារៈមួយចំនួន របស់ជនរងគ្រោះនៅហ្នឹងដីស្រែកើតហេតុ ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់