ព័ត៌មានជាតិ

ចៅក្រមសាលាឧទ្ធរណ៍រក្សាសម្រេចរបស់តុលាការក្រុងភ្នំពេញ លើសំណុំរឿង បដិវត្តន៍ពណ៌

ភ្នំពេញៈ ក្រោយពីសាកសួរដេញដោលអស់ពេញមួយព្រឹកថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០១៦នេះ​ លោក​ សឹង​ វិសាល​ ចៅក្រមសាលាឧទ្ធរណ៍បានប្រកាសសាលដីការក្សាទុកសេចក្តីសម្រេចរបស់ចៅក្រមសាលាដំបូងទុកជាបានការចំពោះសំណុំរឿង​ ញុះញង់ឱ្យមានបដិវត្តន៍ពណ៌​ ដែលមានជនជាប់ចោទឈ្មោះ​ គង់​ រ៉ៃយ៉ា។

ជនជាប់ចោទ​ឈ្យុវជន គង់ រ៉ៃយ៉ា ភេទប្រុស​ មុខរបរជានិស្សិត នៃសាកលវិទ្យាល័យខេមរៈ បានប្រាប់អ្នកសារព័ត៌មានថា​ រូបគេមិនអាចទទួលយកសេចក្តីសម្រេចនេះបានទេ​ ហើយរូបគេនឹងប្តឹងទៅតុលាការកំពូលបន្តទៀត។

ជនជាប់ចោទឈ្មោះ​ គង់​ រ៉ៃយ៉ា​ ​ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២១​ ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធការចោទញុះញង់ឲ្យមានបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាលតាមរយៈ បណ្តាញសង្គមហ្វេសប៊ុក។

គួររំឮកថា លោក ហេង សុខណា​ ចៅក្រមជំនុំជម្រះសាលាដំបូង​រាជធានីភ្នំពេញ​ កាលពីរសៀលថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០១៦ កន្លងទៅបានប្រកាសសាលក្រមសម្រេចដាក់ពន្ធនាគារកំណត់រយៈពេល១ឆ្នាំកន្លះ​ ក្រោមការចោទប្រកាន់ពី បទ​ ញុះញង់ឲ្យមានបដិវត្តន៍ពណ៌ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសយោងតាមមាត្រា​ ៤៨៥នៃក្រមព្រហ្មទណ្ឌ៕

មតិយោបល់