ព័ត៌មានជាតិ

Pulsar ចងកំហឹងជាមួយអាព្រូស ខ្ទេចមួយចំហៀង

ភ្នំពេញៈ យុវជនម្នាក់ស្រវឹងស្រាបានជិះម៉ូតូក្នុងល្បឿនលឿន ហើយទៅបុករថយន្តព្រូសដែលកំពុងបើកឆ្លងផ្លូវ ចំពីចំហៀងយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅខាងត្បូងជាប់របងវត្តទួលទំពូង តាមបណ្ដោផ្លូវ១៥៥ កែងនិងផ្លូវ៤៣២ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន។

សាក្សីបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញរថយន្តម៉ាកព្រូស ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AD-9165 បានបើកបរតាមបណ្ដោយផ្លូវ១៥៥ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក pulsar ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FR-5588 ជិះដោយយុវជនម្នាក់ទំនងជាស្រវឹង បានធ្វើដំណើរក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ហើយក៏បានជ្រុលទៅបុករថយន្តព្រូស ដែលកំពុងតែបើកឆ្លងផ្លូវ ចំពីចំហៀងយ៉ាងពេញទំហឹង បណ្ដាលឲ្យភាគីខាងម្ចាស់ម៉ូតូរងរបួសស្រាល ដោយឡែករថយន្តនិងម៉ូតូទាំងសងខាងបានរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កើតហេតុភ្លាមៗ និងបានទំនាក់ទំនងទៅជំនាញឲ្យមកធ្វើការវាស់វែង យករថយន្ត និងម៉ូតូយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមក្រោយ៕

មតិយោបល់