ព័ត៌មានជាតិ

ស្រ្តីវ័យក្មេងម្នាក់ មានវិបត្តិផ្លូវចិត្ត ចងកធ្វើអត្តឃាត បណ្តាលឲ្យបាត់បង់ជីវិត

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ស្ត្រីម្នាក់វ័យ២២ឆ្នាំ បានធ្វើអត្តឃាតសម្លាប់ខ្លួន ដោយចងក ដោយឪពុកម្តាយសង្ស័យថា មូលហេតុព្រោះតែវិបត្តិស្នេហា ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ​​ ស្រ្តីដែលធ្វើអត្តឃាតសម្លាប់ខ្លួន ដោយចងក ឈ្មោះ ភឺស ស្រីនី អាយុ២២ឆ្នាំ នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបញ្ជាក់ថា​ បើតាមការឲ្យដឹងពីស្រី្តឈ្មោះ ហ៊ា រ៉ាន អាយុ៥៦ឆ្នាំ ត្រូវជាម្តាយបង្កើតបានរៀបរាប់ថា ដំបូងកូនស្រីរបស់ខ្លួនបានឡើងទៅលើផ្ទះចូលដេកដូចរាល់ដងក្នុងបន្ទប់ លុះនៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១៩ ខែសីហា គាត់បានហៅប្រើឲ្យកូនកាត់ធ្វើក្រចកឲ្យ តែពុំឮឆ្លើយតបក៏ឡើងទៅលើផ្ទះមើលនៅក្នុងបន្ទប់ដើម្បីឲ្យដឹងថា កូនរបស់ខ្លួនដេកលក់ឬយ៉ាងណា ព្រោះចាក់បទចម្រៀងក្នុងទូរស័ព្ទឮសំឡេងខ្លាំងៗ លុះដល់ពេលខ្លួនឡើងទៅដល់លើផ្ទះបើកទ្វារ ស្រាប់តែប្រទះឃើញកូនរបស់ខ្លួនបានចងក ពេលនោះគាត់បានស្រែកហៅប្ដី​ ឈ្មោះ ឡា លើត អាយុ ៥០ឆ្នាំ ឲ្យជួយបីកូនដាក់មកលើក្ដារហើយជួយសង្គ្រោះដែរ តែកូនរបស់ខ្លួនបានស្លាប់បាត់ទៅហើយ នៅក្បែរកន្លែងចងកមិនមានអ្វីទេ មានតែកាបូបដាក់ខោអាវ១ ។

នគរបាលបានបន្តថា បើតាមការបញ្ជាក់ពីឈ្មោះហ៊ា រ៉ាន ជាម្តាយ ថាកូនស្រីរបស់គាត់មិនមានជំងឺសរសៃប្រាសាទអីនោះទេ សង្ស័យការសម្លាប់ខ្លួននេះ គឺមកពីជំងឺស្នេហាស្រឡាញ់ភេទដូចគ្នាដោយកូនស្រីគាត់ធ្វើជាប្រុស តែគាត់និងប្តីមិនថាអីទេ ធ្វើម្តេចជានិស្ស័យរបស់កូន ចំពោះនារីនោះគេបានស្គាល់ ធ្លាប់ធ្វើការនៅភ្នំពេញជាមួយគ្នា នៅថ្ងៃឈប់សម្រាកគេមកលេងផ្ទះដោយកូនគាត់មកមុន ចំណែកនារីជាសង្សាមកក្រោយ ហើយនៅមុនថ្ងៃកើតហេតុនារីដែលជាសង្សារនោះក៏បានលាទៅលេងផ្ទះរបស់គេនៅខេត្តកំពង់ធំ គាត់ក៏បានឲ្យលុយចំនួន១០ម៉ឺនរៀលជាសោហ៊ុយ លុះដល់យប់បែរជាកូនស្រីជាតួប្រុសបានធ្វើអត្តឃាត ដោយបានបន្សល់ទុកលិខិតមួយដែលបានសរសេរអក្សរនៅលើក្រដាសសៀវភៅ ដែលមានទឹកប៊ិចពណ៌ខៀវថា ( បងលាសិនអូន បើមានជាតិក្រោយបងជួបអូនទៀត) បងអគុណ ! ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ដែរថា ក្រោយពីទទួលបានព័ត៌មាន ករណីធ្វើអត្តឃាតនេះ លោកបានចាត់តាំងកម្លាំងនគរបាលប៉ុស្តិ៍ដោយសហការជាមួយគ្រូពេទ្យ និងអាជ្ញាធរចុះពិនិត្យសព ឃើញថា ស្តី្រឈ្មោះ​ ភឺស ស្រីនី ពិតជាធ្វើអត្តឃាតមែន ដោយចងក និងក្រណាត់ (សម្រាប់ចងរ៉ូប ) ពណ៌ផ្កាឈូកភ្ជាប់នឹងប្ញស្សី ដែលឪពុកម្តាយដាក់នៅលើឈ្វៀនឈើលើផ្ទះធ្វើជាធ្នើរសម្រាប់ដាក់កន្ទេល មុង ភួយ សពជនរងគ្រោះក្រោយពីពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់