ព័ត៌មានជាតិ

ញាក់សាច់! រថយន្តពីរគ្រឿងបុកគ្នា របួសស្ត្រីម្នាក់បាក់ធ្មេញ ទារសំណង ១ម៉ឺនដុល្លារ

ភ្នំពេញ: បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្តតាកូម៉ា ១គ្រឿងបោះពួយយ៉ាងលឿន ក៏ជ្រុលទៅបុកពីក្រោយរថយន្តស៊េរីទំនើប ១គ្រឿងទៀត ដែលកំពុងឈប់រង់ចាំភ្លើងស្តុបទាំងកម្រោល បណ្តាលឲ្យរងការខូចខាត។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៩ និង២០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ស្តុបខាងមុខមន្ទីរពេទ្យកាល់ម៉ែត តាមបណ្តោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតគេឃើញ បុរសម្នាក់ បើករថយន្ត ១គ្រឿង ម៉ាកតូយូតាតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2A-2978 ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ជាមួយល្បឿនយ៉ាងលឿន។

លុះមកដល់ចំណុចកើតហេតុ រថយន្តបង្ក ក៏បានជ្រុលចង្កូតទៅបុកពីក្រោយ រថយន្តមួយគ្រឿងទៀត ម៉ាក MITSUBISHITRITON ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BO-5689 ដែលបើកបរជាលក្ខណ:គ្រួសារ មានគ្នាបួនទៅប្រាំនាក់ កំពុងឈប់រង់ចាំភ្លើងស្តុបចរាចរណ៍ បណ្ដាលឲ្យស្ត្រីរួមដំណើរម្នាក់ រងរបួសបាក់ធ្មេញមួយគ្រាប់ និងរថយន្តទាំងពីរគ្រឿង រងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចឲ្យភាគីទាំងពីរ សម្របសម្រួលគ្នា ដោយភាគីរថយន្តរងគ្រោះ បានទាមទារសំណងចំនួន១ម៉ឺនដុល្លារ តែភាគីខាងរថយន្តបង្ក មិនមានលិទ្ធភាព ទើបសម្រេចប្រគល់រថយន្តទាំងពីរគ្រឿង ឲ្យជំនាញធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៀត៕

មតិយោបល់