ព័ត៌មានជាតិ

តំណាងរាស្ត្រថៃ ទាត់ចោលសេចក្ដីព្រាងច្បាប់កាត់បន្ថយអំណាចរបស់យោធា ក្នុងឆាកនយោបាយ

(បាងកក)៖ សភាជាតិប្រទេសថៃ នៅថ្ងៃពុធនេះ បានច្រានចោលសេចក្ដីព្រាងច្បាប់ថ្មីមួយដែលមានគោលដៅកាត់បន្ថយអំណាច និងតួនាទីរបស់យោធាថៃ នៅក្នុងឆាកនយោបាយ។

ការច្រានចោលខាងលើ ធ្វើឡើងនៅក្នុងសម័យប្រជុំរួមមួយរបស់សភាជាន់ទាប និងព្រឹទ្ធសភាថៃ ដែលបានបោះឆ្នោតជំទាស់នឹងសេចក្ដីព្រាងច្បាប់នេះ
ក្នុងសំឡេងជំទាស់ ៤៧៣ ទល់នឹង ២០៦សំឡេងគាំទ្រ និងអនុប្បវាទ ៦សំឡេង។ សេចក្ដីព្រាងច្បាប់នេះ គឺមានគោលដៅកាត់បន្ថយអំណាច និងតួនាទីរបស់ យោធាថៃ នៅក្នុងឆាកនយោបាយ តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលត្រូវបានអនុម័តនៅក្រោមការដឹកនាំនៃរបបយោធាកាលពីឆ្នាំ២០១៧។

សេចក្ដីព្រាងច្បាប់ថ្មីខាងលើ ក៏មានបំណងលុបចោលអាសនៈសមាជិកព្រឹទ្ធសភា តែងតាំងដោយយោធាថៃ ចំនួន ២៥០រូបផងដែរ។ ប្រទេសថៃធ្លាប់បានឆ្លងកាត់ការធ្វើវិសោធនកម្មចំនួន ២០លើក និងរដ្ឋប្រហារ ១៣លើករួចមកហើយ គិតចាប់តាំងពីឆ្នាំ១៩៣២មក៕

ប្រភព៖​​​​​​ AFP

មតិយោបល់