ព័ត៌មានជាតិ

Update៖ ជនសង្ស័យដកកាំភ្លើងភ្ជង់ប្លន់ សិស្សសាលាម្នាក់ ជាចៅស្រីលោកចៅសង្កាត់រការខ្ពស់ ពលរដ្ឋក្រុងតាខ្មៅ កំពុងរង់ចាំមើល លោកអធិការទ្បើងថ្មី ចាប់ជនសង្ស័យបានទេ….

កណ្ដាលៈ កាលពីវេលាម៉ោង ៦កន្លះល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចមុខវត្តឈូងលាភ ស្ថិតក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីជនសង្ស័យដកកាំភ្លើងខ្លីភ្ជង់ប្លន់ ក្មេងស្រីម្នាក់ យកទៅបាត់ដោយសុវត្ថិភាព។

ជនរងគ្រោះឈ្មោះ ផូ វឌ្ឍនា អាយុ១៥ឆ្នាំ មុខរបរសិស្ស ជាចៅស្រីរបស់លោក ឈឿង ឆូ ចៅសង្កាត់រការខ្ពស់ ស្នាក់នៅភូមិព្រែកថី សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនសង្ស័យមានគ្នា២នាក់ ពុំស្គាល់អត្តសញ្ញាណ
ភេទប្រុស អាយុប្រហែលជាង២០ឆ្នាំ។

សម្ភារៈបាត់បង់៖ ម៉ូតូ ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ កណ្តាល1AG -4640 ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញក្មេងស្រីរងគ្រោះ បានជិះម៉ូតូឌុបគ្នា ២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ មកដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ២នាក់ ជិះម៉ូតូហុងដាឌ្រីម ស៊េរីចាស់ មកកាក់ពីមុខម៉ូតូជនរងគ្រោះឲ្យឈប់ រួចដកកាំភ្លើងខ្លីភ្ជង់គំរាម ឲ្យជនរងគ្រោះ ចុះពីលើម៉ូតូ ហើយទ្បើងជិះម៉ូតូក្មេងស្រី សំដៅទៅផ្លូវជាតិលេខ២១បាត់។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកដល់ រួចធ្វើកំណត់ហេតុ ដើម្បីកំណត់មុខសញ្ញា ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

សូមបញ្ជាក់៖ ករណីខាងលើនេះ ជនសង្ស័យហាក់បី ដូចជាគ្មានខ្លាចញញើតលើសមត្ថកិច្ច ទាល់តែសោះ ហើយពលរដ្ឋក្នុងក្រុងតាខ្មៅ កំពុងរង់ចាំមើលស្នាដៃ លោកអធិការទើបទ្បើងកាន់តំណែងថ្មី ថាអាចមានសមត្ថភាព បំបែកសំណុំរឿងនេះបានដែរឬទេ ព្រោះលោកក៏មានប្រវត្តិខាងជំនាញព្រហ្មទណ្ឌ ជាយូរឆ្នាំណាស់មកហើយ នៅស្នងការនគរបាលខេត្តកណ្ដាល សង្ឃឹមថា លោកអាចចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់បាន កុំទុកឲ្យពលរដ្ឋរិះគន់ថា អសមត្ថភាពបង្ក្រាបបទល្មើស ក្នុងមូលដ្ឋាន របស់ពួកគាត់រស់នៅ៕

មតិយោបល់