ព័ត៌មានសិល្បៈ និងកម្សាន្ត

ហក់ចូលសិល្បៈវិញភ្លាម តារាសម្ដែង ឆានុន ឆៃយ៉ា បានកុងត្រាពី LD ភ្លាម

គ្រាន់តែប្រកាសហក់ចូលសិល្បៈវិញភ្លាម តារាសម្ដែង លោក ឆានុន ឆៃយ៉ា ទទួលបានកុងត្រាពីផលិតកម្ម LD មួយភ្លែត ដោយលោកគ្រោងនឹងចេញថតអោយ LD នៅដើមឆ្នាំក្រោយ។ នៅជាជោគជ័យមួយ នៅក្នុងវិស័យសិល្បៈ បន្ទាប់ពីបដិសេធ មិនទទួលការសម្ដែងមិនតិចជាង៣ឆ្នាំ ដោយសារតែរវល់ នឹងមុខជំនួញ បើកហាងខោអាវ។

លោក ឆានុន ឆៃយ៉ា បញ្ជាក់ថា លោកទទួលបានកុងត្រារួចហើយពីផលិតកម្ម LD បន្ទាប់ពីលោកផ្អាកសម្ដែងអស់យ៉ាងយូរ។ លោកថា ការបាត់មុខពីសិល្បៈមួយរយៈមុន គឺដោយសារតែលោកចង់ដកឃ្លារកលុយ ដើម្បីបំពេញតម្រូវការ។ លោកថា ការប្រឡូកសិល្បៈកាលពីជាង៣ឆ្នាំមុន ជោគជ័យដែលទទួលបានមិនសូវច្រើនទេ ដោយសារទី១ នៅក្នុងពេលនោះ លោកនៅពិបាករឿងលុយកាក់ ហើយមិនសូវ បានចូលរួមក្នុងកម្មវិធីធំៗដែលបានអញ្ជើញ និងម្យ៉ាងរអៀសចិត្ត រឿងមិនសូវមានលុយ កាក់សម្រាប់ផ្គត់ផ្គង់ភាពហ៊ឺហារក្នុងសិល្បៈផង ទើបលោកបង់ចោល ហើយទៅសំងំរកលុយពីការបើកហាងលក់សំលៀកបំពាក់តែម្ដង។

ការប្រកាសចូលសម្ដែងជាថ្មីនេះ មិនមែនលោកបិទចោលអាជីវកម្មនោះទេ គឺនៅតែដំណើរការ ប៉ុន្តែបណ្ដាលមកពីលោក មានអ្នកមើលខុសត្រូវ និងម្យ៉ាងអាចថា លោកចង់ត្រឡប់មកកសាងកេរ្តិ៍ឈ្មោះ ព្រមជាមួយនឹងអាជីវកម្មក៏រីកចម្រើនផង ទើបលោកទទួលសម្ដែង៕

លោក ឆានុន ឆៃយ៉ា បញ្ជាក់ថា ការប្រឡូកសិល្បៈបើខ្វះលទ្ធភាព ជាពិសេសគឺខ្វះភាពហ៊ឺហា គឺពិតជាពិបាកទទួលការចាប់អារម្មណ៍ ទើបជាមូលហេតុដែលលោកដកឃ្លាទៅរកលុយសិន។ ក្នុងពេលនេះ លោកថាខ្លួនមិនមែនមានបាននោះទេ ប៉ុន្តែអាចថាជីវភាព និងប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ការងារសិល្បៈ គឺគ្រប់គ្រាន់ ទើបលោកបោះជំហានម្តងទៀតនេះ។ លោករំពឹងថាការបោះជំហានរបស់ខ្លួននឹងមិនពិបាកជោគជ័យនោះផង ដោយសារទី១លោកកាន់តែមានទំនាក់ទំនងជាមួយផលិតករច្រើនឡើង និងទី២លោកមានលទ្ធភាពជាងមុន ខាងផ្នែកជីវភាព ដើម្បីអោយសមរម្យក្នុងអាជីពជាអ្នកសិល្បៈ។ អ៊ីចឹងហើយទើបគ្រាន់តែប្រកាសចូលភ្លាម ក៏ត្រូវបានផលិតកម្ម LD កុងត្រាអោយសម្ដែងតែម្ដង ដោយលោកនឹងថតរឿងថ្មីអោយផលិតមួយនេះ នៅដើមឆ្នាំ២០២០។ ក្នុងផលិតកម្មមួយចំនួន ក៏ចាប់ផ្ដើមទាក់ទងអោយលោកសម្ដែងផងដែរ បន្ទាប់ពីដឹងថាលោកត្រលប់ចូលសម្ដែង៕

មតិយោបល់