ប៉ៃលិនៈ តាមប្រភពព័ត៌មានបានលួចបង្ហើបប្រាប់ Post News ថា ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ករណីសំណុំរឿងនាយចឺម មិនអាចដោះស្រាយគ្នា នៅអធិការស្រុកបានទេ និងបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការនគរបាលខេត្តប៉ៃលិន ដើម្បីចាត់ការទៅតាមនីតិវិធីបន្តទៀតព្រឹកនេះ
សូមបញ្ជាក់៖ សង្ស័យនាយចឺមទារសំណងច្រើនពេក ម្យ៉ាងវិញទៀត ជនបង្កមានជីវភាពមិនសូវជាធូរធារ។
សូមរំឮកផងដែរថា កាលវេលាម៉ោង ០៤និង២០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយករណីកើតឡើង ចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះឈ្មោះ សុខ មេសា ហៅនាយចឺម ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជាតារាចម្រៀងប្រចាំនៅផលិតកម្មសាន់ដេ រស់នៅភូមិត្រាចកោះ ឃុំមហាឬស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន ដោយជនសង្ស័យបានយកកំណាត់ឈឺប្រវែងប្រហែល ០.៥ម៉ែត្រ មកវាយជនរងគ្រោះបណ្តាលឲ្យមានរងរបួសត្រង់កំភួនដៃទាំងសងខាង និងបែកក្បាលចំនួន ៥ថ្នេរ (ធ្ងន់) និងបណ្ដាលឲ្យបែកទូរស័ព្ទម៉ាក IphoneX ចំនួន ១ គ្រឿងរបស់ជនរងគ្រោះ (ខូចទាំងស្រុង)។
មូលហេតុ៖ ជនសង្ស័យប្រចណ្ឌ ព្រោះជនរងគ្រោះបានឆាតទៅរកសង្សាររបស់ខ្លួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលា ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់