ព័ត៌មានជាតិ

រថយន្តVIP វីរៈប៊ុនថាំ បុកឡានដឹកខ្សាច់ពីក្រោយ រងរបួសមនុស្សពេញផ្លូវ

បាត់ដំបងៈ យ៉ាងហោចណាស់ក៏មានអ្នកដំណើរដែលរងរបួសធ្ងន់ចំនួន៨នាក់ដែរក្នុងចំណោមជនរងគ្រោះចំនួន១០នាក់ ខណៈដែលពួកគេកំពុងធ្វើដំណើរតាមរថយន្តVIP របស់ក្រុមហ៊ុន វីរៈប៊ុនថាំ ក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅខេត្តបាត់ដំបង ហើយក៏ទំនងជាអ្នកបើកបរងងុយផងដែរ បានជាគេជាន់ក្នុងល្បឿនយ៉ាងលឿន ហើយទៅបុកនឹង​រថយន្តដឹកខ្សាច់ចំពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យខ្ទេចអស់ផ្នែកក្បាលរថយន្ត។

លោកវរសេនីយ៍ទោ គិត ហ៊ាង អធិការនគរបាលស្រុកមោងឫស្សី បានបញ្ជាក់ថា
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៥និង៣០នាទីព្រឹក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិថ្នលបត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង រវាងរថយន្តម៉ាកតូយូតា HIACE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AK-2615 និងរថយន្តដឹកខ្សាច់មិនស្គាល់ម៉ាក និងមិនស្គាល់ស្លាកលេខ។

លោកអធិការបានបន្តថា ក្រោយពីកំលាំងសមត្ថកិច្ចប៉ុស្តិ៍ទទួលបាននូវព័ត៌មាននេះភ្លាម
គឺកំលាំងបានចេញដំណើរទៅកាន់ចំណុចកើតហេតុ ប៉ុន្តែរថយន្តដឹកខ្សាច់បានបើកគេចខ្លួនបាត់ទៅហើយ ដោយសារតែការផ្តល់ព័ត៌មានមានការយឺតយ៉ាវ ដោយឡែក
ចំពោះរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ដែលបានធ្វើដំណើរ​ពីភ្នំពេញ ទៅបាត់ដំបង គឺមានសភាពខ្ទេចផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ។

ក្រោយពីកំលាំងបានយករថយន្តសាមុយទៅដឹកជញ្ជូនជនរងគ្រោះដែលជាប់នៅក្នុងរថយន្ត ដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុករួចមក គឺសង្គេតឃើញថា បានចំនួន១០នាក់ដែលក្នុងនោះមានស្រី៥នាក់ ដោយពួកគេរងរបួសធ្ងន់ចំនួន៨នាក់ និងស្រាល២នាក់ ហើយរថយន្តនេះបើកបរដោយឈ្មោះ​​ គីម ទ្រី ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ។

​បើតាមការអះអាងពីអ្នកដំណើរទាំងនោះបាននិយាយថា ការបើកបររបស់រថយន្តនេះ គឺមានល្បឿនលឿនជាទីបំផុត ដោយគេបានចេញដំណើរក្នុងពេលយប់ ក្នុងគោលបំនងមកភ្លឺនៅខេត្តបាត់ដំបងតែម្តង លុះមកដល់ចំណុចខាងលើ​បានបុកពីក្រោយរថយន្តដឹកខ្សាច់មួយគ្រឿង ដែលកំពុងបើកបរស្របទិសនៅពីមុខ ដោយម្នាក់ៗមិនស្គាល់ម៉ាក និងមិនស្គាល់ស្លាកលេខឡើយ ហើយឡាននោះក៏បានបើករត់គេចបាត់ស្រមោល។ ភ្លាមៗនោះដែរ ជនរងគ្រោះទាំងអស់ត្រូវបានសមត្ថកិច្ចខ្នះខ្នែង ប្រញ៉ាប់ប្រញ៉ាល់ដឹកបញ្ជូនទៅសង្គ្រោះបានទាន់ពេលវេលា ដោយពេលនេះ មិនមាននរណាម្នាក់បាត់បង់ជីវិតនោះទេ ដោយគ្រាន់តែមានសភាពធ្ងន់៨នាក់ និងស្រាល២នាក់ ចំណែករថយន្តក៏បានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ខេត្តផងដែរ៕

មតិយោបល់