ព័ត៌មានជាតិ

(ខ្សឹប) លោកកៅ សារ៉ាណា មេច្រកចាំយាមវ័យក្មេងស័ក្កិក្រាស់ស្មា ស៊ីអី ស៊ីយ៉ាងនេះ !

មន្ត្រីនគរបាល និងមន្ត្រីនៃអង្គភាពផ្សេងៗទៀតដែលឈរជើងនៅច្រកអន្តរជាតិ ចាំយាម ខេត្តកោះកុង បានខ្សឹបប្រាប់មកនាយក្តាមប្រៃយើងឲ្យដឹងថា លោក កៅ សារ៉ាណា មេនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិចាំយាមវ័យក្មេងពាក់ស័ក្កិក្រាស់ស្មារូបនេះ កំពុងធ្វើសកម្មភាពប្រព្រឹទ្ធអំពើពុករលួយយ៉ាងខ្លាំងតាំងពីលុយកាក់ល្អិតល្អោច រហូតដល់លុយធំ តាមការប្រើប្រាស់កម្លាំងមន្ត្រីជំនិតៗរបស់ខ្លួន។

ប្រភពពីក្រុមមន្ត្រីមានសមត្ថកិច្ចដែលឈរជើងនៅច្រកចាំយាមនោះបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឱ្យដឹងទៀតថា មន្ត្រីបី បួននាក់ដែលជាកូនចៅជំនិតៗរបស់លោក កៅ សារាណា នោះកំពុងធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្តគ្មានខ្លាចមន្ត្រីណាទាំងអស់ ព្រមទាំងធ្វើសកម្មភាពជម្រិតយកលុយពីអ្នកឆ្លងដែនកម្ពុជា ថៃ ពិសេសពីអ្នករកស៊ី ដោយគ្មានលើកលែងអ្វីទាំងអស់ ដោយមន្ត្រីទាំងនោះអះអាងថា ធ្វើតាមបទបញ្ជា​មេ គឺលោក កៅ សារាណា ។
ក្រុមមន្ត្រីដដែលបានខ្សឹបប្រាប់នាយក្តាមប្រៃឱ្យដឹងបន្តទៀតថា លោកប្រធានច្រកចាំយាមវ័យក្មេងរូបនេះ បានបង្គាប់ឱ្យមន្ត្រីថ្នាក់ក្រោមជំនិតៗបី បួននាក់ប្រមូលលុយយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន ស៊ីចាយហ៊ឺហាដោយ មិនខ្វល់ពីថិវិកា​ចូលរដ្ឋតាមច្រកចេញចូកតែមួយនោះទេ ហើយលោកប្រធានវ័យក្មេង កៅ សារាណា រូបនេះក៏មិនខ្វល់អំពីទុក្ខលំបាករបស់មន្ត្រីថ្នាក់ក្រោមនោះទេ ដោយគាត់គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួកតែប៉ុណ្ណោះ។

ប្រភពពីក្រុមមន្ត្រីខាងលើនៅបានខ្សឹបបញ្ជាក់មកនាយក្រាមប្រៃឱ្យដឹងទៀតថា លោកប្រធានច្រកចាំយាម កៅ សារ៉ាណា រូបនេះគាត់មិនសូវមានមុខនៅប៉ុស្តិ៍ប្រចាំការទេ ហើយភាគច្រើនគាត់នៅឯរាជធានីភ្នំពេញដើរលេងហ៊ឺហា ស៊ីចាយ ខារាអូខេ ស្រីញី អូន បង រាល់ៗថ្ងៃ ទាំងថ្ងៃទាំងយប់ ហើយជិតដាច់ខែទើបឡើងទៅប្រមូលលុយពីកូនចៅ។ មិនតែប៉ុណ្ណោះ លោក កៅ សារ៉ាណា ពុំមានសមត្ថភាពអ្វីទាំងអស់ ហើយអ្វីដែលគាត់បានឡើង ធ្វើជាប្រធានប៉ុស្តិ៍ច្រកខ្លាញ់ ច្រកចាំយាមមួយនេះ គឺដោយសារអំណាចឪពុករបស់គាត់ប៉ុណ្ណោះ គឺឡើងតំណែងតាមខ្សែទុយោ តាមជើងខោឪពុកតែប៉ុណ្ណោះ។
ក្រុមមន្ត្រីខាងលើបានខ្សឹបឱ្យដឹងទៀតថា លោក កៅ សារ៉ាណា បានប្រើប្រាស់អំណាចតាមបែបផ្តាច់ការរបស់ខ្លួន ដោយគាត់បានកំណត់ឲ្យកូនចៅក្រោមឱវាទរបស់ខ្លួន រកលុយឲ្យខ្លួន ក្នុងមួយខែខ្ទង់ម៉ឺនដុល្លារ បើមិនដូច្នេះទេ អាចប្រឈមនឹងការទុកឱ្យនៅទំនេរ អង្គុយអានកាសែតក្នុងប៉ុស្តិ៍ ស្វិតហោប៉ៅជាមិនខាន។

មន្ត្រីទាំងនោះបានបញ្ជាក់ប្រាប់នាយក្តាមប្រៃឱ្យដឹងបន្តទៀតថា វិធីរកលុយរបស់លោក កៅ សារ៉ាណា គឺកំណត់ឲ្យកូនចៅ ប្រព្រឹត្តអំពើពុករលួយ ដោយបង្ខំយកលុយពីឡានដឹកទំនិញចូលពីប្រទេសថៃឡានតូចៗយក៥ម៉ឺនរៀល ក្នុងមួយគ្រឿង ហើយគាត់ដកយក២ម៉ឺនរៀល ទុកនៅបារ៉ាស់២ម៉ឺនរៀល ទុកនៅគោលដៅ ១ម៉ឺនរៀល នឹងឡានធំៗយកពី១០ម៉ឺនទៅ៤០ម៉ឺនរៀល ដកយកពាក់កណ្តាលផងដែរ។ ប៉ុន្តែលុយដែលទុកនៅក្នុងហិបទាំងអស់នោះជួនកាលត្រូវលោក កៅ សារ៉ាណា ដកយកស្ទើរតែទាំងអស់ទៀតនៅបំណាច់ខែម្ដងៗ។ ហើយសូម្បីតែលុយប្រថាប់ត្រាក៏លោកកៅ សារ៉ាណា កំណត់ឲ្យកូនចៅរកឲ្យបានយ៉ាងតិច៤០ម៉ឺនរៀលក្នុងមួយថ្ងៃ ដើម្បីខ្លួនយកទៅផឹកស៊ីសប្បាយស្រី ញី នៅទឹកដីថៃផង ដីខ្មែរផងដោយគ្មានសេចក្ដីអៀនខ្មាសអ្វីឡើយ។

ប្រភពពីក្រុមន្ត្រីខាងលើបានខ្សឹបបញ្ជាក់ថា លោកកៅ សារ៉ាណា ក្រៅពីបង្ខំឲ្យកូនចៅ រកចំណូលឲ្យខ្លួន ក្នុងមួយខែខ្ទង់ម៉ឺនដុល្លារ គឺលោកប្រធានវ័យក្មេងរូបនេះ បានទទួលបានផលប្រយោជន៍ ពីឈ្មួញ និងក្រុមហ៊ុន ដែលនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ផងដែរ តាមរយៈអំពើពុករលួយក្នុងការទទួលសំណូកពីក្រុមហ៊ុន និងឈ្មួញ បានធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។

ក្រុមមន្ត្រីនៅបានខ្សឹបបន្តឲ្យដឹងថា រឿងអាស្រូវពុករលួយរបស់លោក កៅ សារ៉ាណា មេប៉ុស្តិ៍ ច្រកអន្តរជាតិចាំយាម ត្រូវបានកូនចៅក្រោមឱវាទ លាតត្រដាងជាយូរមកហើយ ប៉ុន្តែមិនទាន់ឃើញនាយឧត្តមសេនីយ៍ សុខ ផល អគ្គស្នងការនៃស្នងការដ្ឋាននគរ​បាលអន្តោប្រវេសន៍ចាត់វិធានការលើលោក កៅ សារ៉ាណា នៅឡើយទេ។ ដែលបញ្ហានេះបានធ្វើឲ្យលោក កៅ សារ៉ាណា បន្តប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗ ហើយស៊ីដាច់លុយកូនចៅក្រោមឱវាទ ស្រេចតែអំពើចិត្តរបស់ខ្លួន។ ក្រុមមន្ត្រីក្រោមឱវាទបាននិយាយថា បើថ្នាក់លើនៅតែបន្តទុកលោក កៅ សារ៉ាណា ឱ្យធ្វើប្រធានច្រកអន្តរជាតិចាំយាមនេះតទៅទៀតនោះ វាធ្វើឱ្យរដ្ឋបាត់បង់ចំណូលច្រើនណាស់ក្នុងមួយខែៗ ដោយថវិកា​ទាំងនោះត្រូវធ្លាក់ចូលហោប៉ៅលោក កៅ សារ៉ាណា។

រឿងរ៉ាវទាំងប៉ុន្មានខាងលើនេះនាយក្តាមប្រៃយើងមិនធ្វើអត្ថាធិប្បាយអ្វីទេ ពោលគឺគ្រាន់តែពាំនាំខ្សឹបឱ្យបានលឺៗដែលប្រភពបានខ្សឹបមក ដើម្បីឱ្យថ្នាក់លើបានដឹងតែប៉ុណ្ណោះ៕

មតិយោបល់