ភ្នំពេញៈ បុរសម្នាក់ផឹកស្រាជាអាជីព សង្ស័យស្រវឹងភ្លាត់ស្នៀត ភ្លេចខ្លួន ទៅដេកកៀកកើយនឹងផ្លូវដែក ត្រូវបានរថភ្លើង បើកកិនដាច់ដៃម្ខាង បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង១០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវដែក រ៉ាអង្គតាភោគ ក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះគ្រាន់តែស្គាល់ ឈ្មោះ ចិន ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់អាស្រ័យនៅផ្ទះប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ មិនដឹងថាក្រុមគ្រួសារ ផ្ទះសម្បែងដល់ណាឡើយ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសរងគ្រោះ បានមកសុំផ្ទះគេស្នាក់អាស្រ័យ ជាង២ខែមកហើយ គ្មានធ្វើការងារអ្វីឲ្យច្បាស់ប្រាកដឡើយ ស៊ីឈ្នួល គេបានលុយ ដើរផឹកស៊ី ជក់គ្រឿងញៀន ស្រវឹងរាល់ថ្ងៃ ហាមមិនស្តាប់ ប្រាប់មិនតាម ពេលស្រវឹងម្តងៗ គំរាមវាយ គំរាមចាប់ ទាំងគាត់ និងកូនចៅគាត់ និយាយលែងចេញ ។
ប្រភពបន្តទៀតថា មុនកើតហេតុ នៅព្រលប់ថ្ងៃទី១៨ ម្សិលមិញ ជនរងគ្រោះ ទិញស្រាបៀមកផឹកម្នាក់ឯង ហើយត្រូវរង្វាន់ឈ្នះបាន១២កំប៉ុង ផឹកបន្ថែមនៅក្បែរផ្លូវដែក ត្រង់ចំណុចកើតហេតុ លុះស្រវឹងដេកតែឯងត្រង់ហ្នឹងតែម្តង គ្មានអ្នកជិតខាងណារវល់ជាមួយឡើយ ដោយឃើញទង្វើរជនខាងលើ ប្រព្រឹត្តបែបនេះ រាល់ថ្ងៃទៅហើយ ចូលសម្រាករៀងខ្លួន ស្រាប់តែនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី១៩ ខែធ្នូ នេះ ឮសូរសន្ធឹកសំទ្បេងរថភ្លើង បើកពីទិសខាងលិចឆ្ពោះទៅកើត ចូលរាជធានីភ្នំពេញ រថភ្លើងទៅផុត ស្រាប់តែឮសូរសំទ្បេងអូយៗ ឲ្យជួយផង ក៏នាំគ្នាបើកទ្វារចេញមកមើល ទើបដឹងថា ជនរងគ្រោះ ត្រូវបានរថភ្លើងកិនដាច់ដៃឆ្វេង ផ្អើលឆោឡោ រាយការណ៍ទៅសមត្ថកិច្ច ចុះទៅអន្តរាគមន៍។ ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ សែងលើក ដឹកតាមម៉ូតូកង់បី យកទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង និងបញ្ជូនបន្តទៅមន្ទីរពេទ្យ៕
មតិយោបល់