ព័ត៌មានជាតិ

រថយន្តដឹកខ្សាច់ បើកគេចឡានខាងមុខ បណ្តាលឲ្យឡើងខឿនបុករះផ្ទះពលរដ្ឋ រងការខូចខាត

ភ្នំពេញ: រថយន្តធុនធំដឹកខ្សាច់មួយគ្រឿង បើកល្បឿនលឿនគេចរថយន្តខាងមុខ ឡើងខឿនទៅបុករះរថយន្តមួយគ្រឿង និងផ្ទះប្រជាពលរដ្ឋមួយខ្នង ខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០២ និង ៣០នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តធុនធំមួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-1679 តាមបណ្តោយ មហាវិធី ឈ្នះ ឈ្នះ ក្នុងទិសដៅពីលិចទៅកើត ដោយល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែរ៉េចង្កូតគេចរថយន្តនៅខាងមុខ ឡើងសួនពុះចែកទ្រូងផ្លូវ ជ្រុលទៅបុករថយន្តមួយគ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-5262 ដែលបើកបរក្នុងទិសដៅ ពីកើតទៅលិចចំផ្នែកខាងក្រោយ ចំហៀងខាងឆ្វេង រួចរថយន្តបង្កមិនទាន់អស់ល្បឿន បានជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ មួយខ្នង បណ្តាលឱ្យខូចខាត អស់សម្ភារ:មួយចំនួនធំ និងខូចខាតផ្ទះយ៉ាងដំណំ តែក្នុងហេតុការណ៍នេះ បណ្តាលឱ្យតៃកុងរថយន្តរងរបួសបន្តិចបន្តួច ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមទាំងកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការវាស់វែង យករថយន្តនិងតៃកុងទៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់